តុលាការបើកសវនាការសំណុំរឿងឧកញ៉ា គិត ធាន ជាមេខ្លោងគ្រឿងញៀន៥០គីឡូក្រាម នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ លោក អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងលោក សុក កែវបណ្ឌិត ជាតំណាងអយ្យការកំពុងបើកសវនាការកាត់ទោស អតីតឧកញ៉ា គិត ធាង ជាមេខ្លោង និងក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនប្រចាំមជ្ឈមណ្ឌលកម្សាន្តរ៉ក់ (ROCK) ជាង២០នាក់ទៀត។

ជនជាប់ចោទដែលត្រូវដឹកយកមកកាត់ទោសនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ មានចំនួន ២៥នាក់ (ស្រីម្នាក់) ដែលនៅក្នុងនោះមានអតីតឧកញ៉ា គិត ធាង ម្នាក់ផងដែរ ប៉ុន្តែឧកញ៉ា មេខ្លោងជួញដូររូបនេះ មិនបានចូលរួមស្តាប់សវនាការនោះទេ ដោយប្រើមូលហេតុថាមានជំងឺធ្ងន់ ទំនងជាត្រូវការដេកសម្រាកនៅមន្ទីរពេទ្យរុស្ស៊ីរហូតដល់ថ្ងៃចេញពីគុកទើបជា។

សូមបញ្ជាក់ថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាប់ចោទ អតីតឧកញ៉ា គិត ធាង កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅតាមដីការបស់តុលាការ បន្ទាប់ពីរកឃើញថា អតីតឧកញ៉ារូបនេះ គឺជាមេខ្លោងបើកឲ្យមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ (ROCK) អស់ជាច្រើនឆ្នាំមកហើយ។

គួររម្លឹកថា កម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ បានចុះបង្ក្រាបទល្មើសជួញដូរគ្រឿងញៀននៅមណ្ឌលកម្សាន្ត ROCK ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលនៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានរកឃើញគ្រឿងញៀនចំរុះសរុប ៥០គីឡូក្រាម និងឃាត់ខ្លួនមនុស្សជិត១០០០នាក់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner