សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជាង ៤ពាន់នាក់ មកពីសាកលវិទ្យាល័យប្រាយ (BBU) ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ បន្ទាប់ពីបានជម្នះការលំបាកជាច្រើនឆ្នាំលើវិថី នៃការសិក្សានេះ ។
លោក ឌៀប សីហា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបៀលប្រាយ បានឱ្យដឹងថា និស្សិត ៤,០៣៨នាក់ នារី ១,៣៤៤នាក់ ) ដែលបានបពា្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា២០១៥-២០១៦ ដល់ឆ្នាំសិក្សា ២០១៨-២០១៩ រួមមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន ចំនួន ១៦៩នាក់ នារី ៦២នាក់ផងដែរ។
លោក ឌៀប សីហា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលបានផ្តល់តម្លៃខ្ពស់បំផុតដល់ការសិក្សាអប់រំ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ តែងតែឆ្លៀតឱកាសពីការបំពេញភារកិច្ចដ៏មមាញឹកសម្រាប់ជាតិ ដើម្បីប្រគល់សញ្ញាបត្រ និងផ្តល់ដំបូន្មានផ្សេងៗដល់និស្សិតបញ្ចប់ការសិក្សា។
លោកសាកលវិទ្យាធិការសាកលវិទ្យាល័យបៀលប្រាយ បានហៅវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រនេះ ជាការផ្តល់នូវកិត្តិយសដ៏ឧត្តុង្គឧត្តម ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅបំផុតចំពោះចំពោះនិស្សិត ក៏ដូចជាសាកលវិទ្យាល័យ ។
ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយអបអរសាទរដោយបានចូលរួមសារជាថ្មីទៀតក្នុងឱកាសប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីចំនួន 4.038នាក់។ សម្ដេចបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរបស់សាកលវិទ្យាល័យបៀលប្រាយ ដែលបានរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ។
ជាមួយនេះ សម្ដេចក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ និងចាត់ទុកថា នេះគឺជាការរួមចំណែកដ៏ធំរបស់វិស័យឯកជន ក្នុងការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង ។ សម្ដេចក៏បានរំលឹកផងដែរថា យុវជនកាលពីសម័យមុន គ្មានឱកាសបានរៀនសូត្រដូចយុវជននាសម័យនេះនោះទេ។ យុវជនសម័យនេះ មានឱកាសច្រើនក្នុងការរៀនសូត្រ។ សម្ដេចតេជោ នៅតែចាត់ទុកវិស័យអប់រំគឺជាអាទិភាព, សម្ដេចសូមឲ្យវិស័យឯកជន បន្តចូលរួមឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ចេះតែកើនឡើងទាំងក្នុងតំបន់ និងអន្តរជាតិ។
ទាក់ទងនឹងកិច្ចការទំនាក់ទំនងអន្តរជាតិ សម្ដេចតេជោ បានបញ្ជាក់ថា ខាងមុខនេះ យើងនឹងមានកិច្ចការជាច្រើនដែលត្រូវធ្វើ ក្នុងនោះកម្ពុជាយើង ក៏នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ីអឺរ៉ុបផងដែរ ដែលមានប្រទេសប្រមាណជាង 53 ប្រទេស ចូលរួម ហើយថា ទំនាក់ទំនងនេះ នឹងនៅតែជាកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលផ្ទុយពីអ្វីដែលអ្នកវិភាគល្ងីល្ងើពកថ្ងាសខ្លះ បាននិយាយដោយគ្មានត្រឹមត្រូវនោះទេ។ បន្ថែមជាមួយនេះដែរ ដោយសារថ្ងៃស្អែកនេះ គឺជាខួប 28 ឆ្នាំ ថ្ងៃ 23 តុលា កិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ សម្ដេចថា នឹងមិននិយាយអ្វីនោះទេ ព្រោះយើងមានរដ្ឋធម្មនុញ្ញ ដើម្បីគោរពអនុវត្ត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រៀបធៀបថា ជុងមិនដែលភ្លេចកុកនោះទេ ហើយចំពោះអ្នកវិភាគល្ងីល្ងើពកថ្ងាស ទុកឱ្យគេនិយាយអីនិយាយទៅចុះ។ សម្តេចបន្តថា បើទោះបីជាមានការបត់បែនខាងផ្នែកនយោបាយយ៉ាងណាក៏ដោយ ផលប្រយោជន៍ប្រទេសជាតិ និងមិនត្រូវបាត់នោះទេ។
ជាចុងក្រោយសម្ដេចក៏បានបញ្ជាក់ជាថ្មីទៀតថា ស្ថានភាពទឹកមកដល់ថ្ងៃនេះ កាន់តែមានកម្ពស់ទាប ប៉ុន្តែទោះយ៉ាងណា ពិធីបុណ្យអុំទូកក៏ត្រូវតែធ្វើឲ្យបានល្អដែរ ហើយថ្ងៃ 9 វិច្ឆិកាខាងមុខនេះ គឺជាទិវាបុណ្យឯករាជ្យជាតិ និងបុណ្យខួបរបស់កងទ័ព ដូច្នេះទិវាបុណ្យជាតិនេះ យើងទាំងអស់គ្នា ត្រូវតែទទួលទានអំបុកខ្មែរ ដែលសម្ដេចហៅថាជាអំបុកខ្មែរថៃជាតិ សាសនា ព្រះមហាក្សត្រ ហើយនេះ គឺជាពាក្យស្លោកថ្មី ។ សម្តេចថា យើងត្រូវតែរៀបចំឲ្យបានល្អហើយជាពិសេស ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងបញ្ហាសំរាម ។
ពាក់ព័ន្ធនឹងបញ្ហាសំរាមនេះដែរ សម្ដេចក៏បានយកឱកាសនេះបញ្ជាក់ថាមុននេះតាំងពីឆ្នាំ 1996 មកទីក្រុងភ្នំពេញមានសំរាមប្រមាណតែ 30 តោនតែប៉ុណ្ណោះហើយទឹកដីដែលយើងត្រូវយកសំរាមនោះមានប្រមាណតែ 300គីឡូម៉ែត្រការ៉េប៉ុណ្ណោះទេ។ ប៉ុន្តែគិតមកដល់បច្ចុប្បន្ននេះទំហំនេះបានកើនធំរហូតទៅដល់ជាង 6 ពាន់គីឡូម៉ែត្រការ៉េហើយបញ្ហាសំរាមគឺបានកើនរហូតទៅដល់ជាង 3 ពាន់តោនក្នុងមួយថ្ងៃដូច្នេះក្រុមហ៊ុនស៊ិនទ្រីមួយមិនអាចនឹងគ្រប់គ្រងបាននោះទេ ចាំបាច់រដ្ឋាភិបាលត្រូវតែរកក្រុមហ៊ុន 4 ទៅ 5 បន្ថែមទៀតដើម្បីដោញស្រាយបញ្ហាសំរាមនេះ៕ធ.ដ