ប៉ូលិសចាប់ខ្លួនឃាតករ វាយសម្លាប់ប្លន់យកម៉ូតូអ្នករត់ម៉ូតូឌុបបានហើយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នគរបាលបានធ្វើការឃាត់ខ្លួនជន សង្ស័យ៣ នាក់ ពាក់ព័ន្ធករណី ឃាតកម្ម វ៉ៃប្លន់សម្លាប់ កាលពីថ្ងៃទី១៦ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៦ និង ៣០នាទី នៅលើផ្លូវលំវាលស្រែ ស្ថិតនៅភូមិខ្វា សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។

ក្នុងប្រតិបត្ដិការនេះដោយមានការដឹកនាំចង្អុលបង្ហាញនឹងបញ្ជារពីលោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានដឹកនាំសហការជាមួយ ការិយាល័យកំរិតធ្ងន់ អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ អធិការដ្ឋាននគរបាលខណ្ឌដង្កោនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ៖
-ទី១ឈ្មោះ អឿង ភាព ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
-ទី២ ឈ្មោះ ណោម ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
-និងទី៣ ឈ្មោះ ប៉ុក សុខនីភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត(ទទួលផលចោរកម្ម) ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សូមរំលឹកថា បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅកណ្តាលផ្លូវ ក្នុងភូមិខ្វិត សង្កាត់សាកសំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យជាករណីឃាតកម្មវៃសម្លាប់ប្លន់យកម៉ូតូ ដោយហេតុការណ៍នេះបានកើតឡើងនឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦នឹង៣០ព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៩ ។

សមត្ថកិច្ចបញ្ជាក់ថាសពបុរសខាងលើមានឈ្មោះ មែក ភីន  អាយុ ២៩ឆ្នាំ មុខរបរជាងកញ្ជក់ នឹងរត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្តុំផ្សារជិនជូរីផ្លាហ្សា ខណ្ឌពោធិសែនជ័យ នឹងមានស្រុកកំណើតនៅភូមិសំឃ្លី ឃុំព្រែកខ្លា ស្រុកកោះអណ្តាត ខេត្តតាកែវ ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានមនុស្សស្លាប់ ភ្លាមៗកម្លាំងនគរបាលប៉ុស្តិសាកសំពៅបានសហការជាមួយកម្លាំងជំនាញនៃអធិការខណ្ឌដង្កោបានចុះមកពិនិត្យជាក់ស្តែងនៅ កន្លែងកើតហេតុឃើញក្បែរសាកសពមានកាំភ្លើងជ័រមួយដើម មួកសុវត្ថិភាព នឹងកញ្ជក់ម៉ូតូ ហើយនៅលើដងខ្លួនមានស្នាមរបួស នៅកញ្ចឹងក នឹងឆ្អឹងជំនី ។

តាមសាច់ញាតិសពបុរសខាងលើបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូម៉ាកឌ្រឹមសង់ សេរី ២០១៥ ចេញពីផ្ទះបាត់តាំងពីវេលាម៉ោង៨យប់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ ដោយទាក់ទងមិនបាននោះទេ លុះព្រឹកថ្ងៃទី១៦ ស្រាប់តែសមត្ថកិច្ចទាក់ទងមកថាជនរងគ្រោះត្រូវបានគេវៃសម្លាប់ប្លន់យកម៉ូតូបាត់ទៅហើយ ។

ក្រោយពិនិត្យរួចរាល់នឹងសាកសួរព័ត៌មានពីសាច់ញាតិសពបុរសខាងលើសមត្ថកិច្ចសន្និដ្ឋានថាជាករណីវៃសម្លាប់ប្លន់យកម៉ូតូ ដោយសារជនរងគ្រោះមុនស្លាប់បានជិះម៉ូតូចេញពីផ្ទះ ហើយខណៈនេះដែលសមត្ថកិច្ចជំនាញខណ្ឌដង្កោនឹងសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវតាមចាប់ជនល្មើសយកមកផ្តន្ទាទោស តាមច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner