លោក ចូ បៃដិន៖ យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់យើង ដើម្បីបញ្ចប់អំពើភេរវកម្មក្នុងស្រុកដែលជំរុញដោយការស្អប់

វ៉ាស៊ីនតោន៖ សេតវិមានបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានទទួលព័ត៌មានសង្ខេបអំពី “ការបាញ់ប្រហារដ៏រន្ធត់” ដែលបណ្តាលឱ្យមនុស្ស១០នាក់ស្លាប់នៅឯផ្សារទំនើបមួយកន្លែង ស្ថិតក្នុងទីក្រុងបាហ្វេឡូ រដ្ឋញូវយ៉ក ដែលបានកើតឡើងនៅថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដោយខ្មាន់កំាភ្លើងវ័យ ១៨ឆ្នាំម្នាក់។

លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា អំពើភេរវកម្មក្នុងស្រុកណាមួយ រួមទាំងទង្វើដែលប្រព្រឹត្តឡើងក្នុងនាមមនោគមវិជ្ជាជាតិនិយមស្បែកសដែលគួរឱ្យស្អប់ខ្ពើម គឺផ្ទុយនឹងអ្វីៗទាំងអស់ដែលយើងឈរនៅអាមេរិក។ យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់យើង ដើម្បីបញ្ចប់អំពើភេរវកម្មក្នុងស្រុកដែលជំរុញដោយស្អប់។

អ្នកនាំពាក្យសេតវិមានលោកស្រី ខារីន ជីន ផាយអឺ (Karine Jean-Pierre) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន នឹងបន្តទទួលបានព័ត៌មានថ្មីៗពេញមួយល្ងាច និងថ្ងៃស្អែក នៅពេលព័ត៌មានបន្ថែមមានការវិវត្តន៍ចុងក្រោយ។

បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ លោកប្រធានាធិបតី និងលោកជំទាវទីមួយកំពុងអធិស្ឋានដល់អ្នកដែលបានបាត់បង់ជីវិត និងសម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេ។

បើតាមអាជ្ញាធរអាមេរិក ជនសង្ស័យដែលត្រូវបានបង្ហាញអត្តសញ្ញាណថា មានឈ្មោះ ភេថុន ហ្កិនដ្រុន (Payton Gendron) គឺបានធ្វើការ livestream សកម្មភាពបាញ់ប្រហាររបស់ខ្លួនថែមទៀតផង។

បុរសវ័យ១៨ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី១ ដែលអាចប្រឈមការជាប់ពន្ធនាគារមួយជីវិត ខណៈទីភ្នាក់ងារ FBI កំពុងស៊ើបអង្កេតករណីនេះ ក្រោមការសន្និដ្ឋានថា ជាអំពើស្អប់ខ្ពើមរើសអើង និងហិង្សាជ្រុលនិយម៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner