ឯកឧត្តម ផៃ ប៊ុនឈឿន អញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបង្ហាញ ឆ្លងវគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ លើចលនាប្រឡងប្រណាំង អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យបរិស្ថានឆ្នាំ ២០១៩
ភ្នំពេញ ៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបង្ហាញរបស់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថាន ដែលបានជាប់ចំណាត់ថ្នាក់ទាំង៥ ដើម្បីសម្រេចយកចំណាត់ថ្នាក់ជ័យលាភីពីលេខ១ ដល់លេខ៣ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។
ឯកឧត្តម ផៃ ប៊ុនឈឿន មានប្រសាសន៍ថា ដំណើរការជ្រើសរើសអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថាន គឺជាគំនិតផ្តួចផ្តើមគ្រប់ជ្រុងជ្រោយរបស់ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងគោលបំណងជម្រុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព នៃដំណើរការផ្តល់សេវាធារណៈក្នុងវិស័យបរិស្ថាន ឱ្យកាន់តែប្រសើរឡើង ជាមួយនឹងការពង្រឹងប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តតួនាទី និងភារកិច្ចឈរលើមូលដ្ឋាន “រដ្ឋបាលទំនើប” ដោយកែប្រែការដាក់ពិន័យមកជា “ការសរសើរ លើកទឹកចិត្ត និងផ្តល់រង្វាន់” ជូនចំពោះអ្នកប្រតិបត្តល្អ ។ អង្គភាពដែលត្រូវចូលរួមសម្រាប់ដំណើរការជ្រើសរើសនេះរួមមាន នាយកដ្ឋានចំណុះទីស្តីការក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី-ខេត្ត តំបន់ការពារធម្មជាតិ និងសហគមន៌តំបន់ការពារធម្មជាតិ ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថាន បានវាយតម្លៃខ្ពស់ដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង ចំណាយពេលវេលា ដើម្បីរៀបចំឯកសារគតិយុត្ត និងឯកសារពាក់ព័ន្ធនានា សម្រាប់ជាយន្តការ និងមគ្គុទេសន៍ក្នុងដំណើរការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថាន ទទួលបានលទ្ធផលតាមផែនការដែលបានគ្រោងទុក ។
ចំពោះដំណើរការផ្ទៀងផ្ទាត់ជំហានទី២នេះ អនុគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ នាយកដ្ឋានចំណុះទីស្តីការក្រសួង បានចុះពិនិត្យ ផ្ទៀងផ្ទាត់សមិទ្ធផល និងឯកសារពាក់ព័ន្ធនានាដល់ទីតាំងផ្ទាល់នៅតាមអង្គភាពដែលបានជ្រើសសម្រាំងក្នុងជំហានទី១ ដើម្បីជំរុះយក៥អង្គភាព ទទួលបានលទ្ធផលដូចតទៅ៖ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នាយកដ្ឋានប្រែប្រួលអាកាសធាតុ នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអភិវឌ្ឍដោយចីរភាព នាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ និងនាយកដ្ឋានជីវៈចម្រុះ។
អនុគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូមន្ទីរបរិស្ថានរាជធានី-ខេត្តបានចុះពិនិត្យ ផ្ទៀងផ្ទាត់សមិទ្ធផល និងឯកសារពាក់ព័ន្ធនានាដល់ទីតាំងផ្ទាល់នៅតាមអង្គភាពដែលបានជ្រើសសម្រាំងក្នុងជំហានទី១ ដើម្បីជំរុះយក៥អង្គភាព ទទួលបានលទ្ធផលដូចតទៅ៖ មន្ទីរបរិស្ថានខេត្តកែប មន្ទីរបរិស្ថានខេត្តស្វាយរៀង មន្ទីរបរិស្ថានខេត្តកំពង់ចាម មន្ទីរបរិស្ថានខេត្តព្រះវិហារ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ ។
អនុគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូតំបន់ការពារធម្មជាតិ បានចុះពិនិត្យ ផ្ទៀងផ្ទាត់សមិទ្ធផល និងឯកសារពាក់ព័ន្ធនានាដល់ទីតាំងផ្ទាល់នៅតាមអង្គភាពដែលបានជ្រើសសម្រាំងក្នុងជំហានទី១ ដើម្បីជំរុះយក៥អង្គភាព ទទួលបានលទ្ធផលដូចតទៅ៖ ឧទ្យាជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ខេត្តសៀមរាប ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ខេត្តកំពត ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ ឧទ្យានជាតិកែប ខេត្តកែប និងដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តស្ទឹងត្រែង។
អនុគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូសហគមន៍មូលដ្ឋាន បានចុះពិនិត្យ ផ្ទៀងផ្ទាត់សមិទ្ធផល និងឯកសារពាក់ព័ន្ធនានាដល់ទីតាំងផ្ទាល់នៅតាមអង្គភាពដែលបានជ្រើសសម្រាំងក្នុងជំហានទី១ ដើម្បីជំរុះយក ៥ អង្គភាព ទទួលបានលទ្ធផលដូចតទៅ៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃក្តា ខេត្តព្រះវិហារ សហគមន៍តំបន់ការពារធម្មជាតិបឹងការឆាង ខេត្តកោះកុង សហគមន៍តំបន់ការពារធម្មជាតិចំបក់ ខេត្តកំពង់ស្ពឺ សហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង ខេត្តពោធិ៍សាត់ និងសហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ខេត្តកំពង់ធំ ៕