ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹងបានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេច តេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើអោយប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ ដោយសារតែមានសន្តិភាព
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានអញ្ជើញបើកវេទិកាសាធារណៈជាមួយមន្ត្រីរាជការ និងយុវជន ក្នុងស្រុកកណ្តាលស្ទឹង ១១១០នាក់ នាព្រឹកថ្ងៃទី២១ ខែតុលានេះ ដើម្បីក្តាប់បាននូវកង្វល់ ក៏ដូចជាសំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន។
នៅក្នុងអង្គវេទិកានោះ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា, សម្តេចនាយករដ្ឋមន្ត្រី តេជោ ហ៊ុនសែន បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះ វិស័យសេដ្ឋកិច្ចសង្គមកិច្ច បានបន្តរីកចម្រើនឥតឈប់ឈរប្រកបដោយចិរភាព ដែលធ្វើឲ្យមានការផ្លាស់ប្តូរដ៏ជ្រាលជ្រៅនូវជីវភាពរបស់ប្រជាជន ទាំងខាងសម្ភារៈនិងទាំងខាងស្មារតី។ កម្ពុជាត្រូវបានចាត់ទុកជាប្រទេសឯកត្តកម្មកំណើននិងជាខ្លាសេដ្ឋកិច្ចថ្មីមួយនៅអាស៊ី ដែលរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យម៧% ដែលធ្វើឲ្យកម្ពុជាប្រែក្លាយពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកំរិតទាប និងកំពុងបន្តដំណើរយ៉ាងស្វាហាប់ឈានឆ្ពោះទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០។ លើមូលដ្ឋាននេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានពង្រឹងឆន្ទៈខ្ពស់ ស្មារតីម្ចាស់ការប្រកបដោយការទទួលខុសត្រូវ ជាមួយជំនឿយ៉ាងមុតមាំថា កម្ពុជានឹងជំនះបាននូវបញ្ហាប្រឈមទាំងឡាយ លើមាគ៌ាឆ្ពោះទៅកាន់វឌ្ឍនភាព និងវិបុលភាព។
ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា សុខសន្តិភាព បានមកដល់សព្វថ្ងៃនេះ ពិតជាមានការលំបាកខ្លាំងណាស់ ដែលមានការលះបង់សាច់ស្រស់ឈាមស្រស់ពីយុទ្ធមិត្ត អ្នកស្នេហាជាតិ និងនាយទាហាន ពលទាហានយ៉ាងច្រើន ពិសេសរបស់គណបក្សប្រជាជន និងសម្តេចតេជោ ហ៊ុនសែន ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងនៅចុងឆ្នាំ១៩៩៨។
ឯកឧត្តម បានគូសបញ្ជាក់ថា ទោះបីទទួលបរាជ័យជាបន្តបន្ទាប់ និងបាត់បង់ឥទ្ធិពលកាន់ច្រើនក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពួកប្រឆាំងនៅក្រៅប្រទេស ដែលមាន សម រង្សី ជាមេក្លោងនៅតែបន្តឃោសនាសង្គ្រាមចិត្តសាស្ត្រមួលបង្កាច់ និងវាយប្រហារមកលើរាជរដ្ឋាភិបាលជាបន្ទបន្ទាប់ ពួកបរទេសដែលមាននិន្ទនាប្រឆាំង ក៏បានរៀបចំយុទ្ធសាស្ត្រ និងបានដាក់ចេញនូវវិធីសាស្ត្រ និងរកគ្រប់វិធីទាំងអស់ ប៉ុនប៉ងធ្វើឲ្យរស់ឡើងវិញគណៈបក្សសង្គ្រោះជាតិ ដែលជានយោបាយដ៏គ្រោះថ្នាក់បំផុត និងបង្កមហន្តរាយដ៏ធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា។ ឯ.ឧ បានបន្តថា បទពិសោធន៍ប្រវត្តិសាស្ត្រដែលយើងទទួលបានច្រើនណាស់មកហើយ ការដណ្តើមអំណាច ការផ្លាស់ប្តូររបបដឹកនាំប្រទេស តាមរយៈកងកម្លាំងប្រដាប់អាវុធ ការធ្វើរដ្ឋប្រហារ ពិសេសតាមរយៈការធ្វើបដិវត្តន៍ពណ៌ ដូចជានៅប្រទេសមជ្ឈឹមបូរព៌ា និងបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ដែលរហូតមកដល់បច្ចុប្បន្នមិនទាន់មានសន្តិភាពនោះទេ ថែមទាំងធ្វើឲ្យប្រទេសនោះទៀតសោត រងគ្រោះខ្ទេចខ្ទាំហេដ្ឋារចនាសម្ព័ន្ធ លំបាកវេទនា និងស្លាប់ព្រាត់ប្រាស់ប្តីប្រពន្ធ កូនចៅ សាច់ញាត្តិថែមទៀតផង។
ទាក់ទងនឹងបញ្ហានេះឯ.ឧ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្តាំផ្ញើរដល់យុវជន ប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង កុំចាញ់បោកនូវឧបាយកលទាំងឡាយរបស់ពួកក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី ដែលនាំធ្វើបដិវត្តន៍ពណ៌ មានបំណងធ្វើរដ្ឋប្រហារផ្តួលរំលំរបបរាជានិយម បំផ្លាញសុខសន្តិភាពនៅកម្ពុជា ។ ហើយប្រកាសឲ្យយុវជន ចូលរួមហូបអំបុក នៅថ្ងៃទី៩ ខែវិច្ឆិកាខាងនេះ ដើម្បីការពារជាតិ សាសនា ព្រះមហក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។ ហើយក៏បានឲ្យក្រុមការងារ និងក្រុមប្រឹក្សាឃុំ បន្តបើកធ្វើវេទិកាសាធារណៈនេះ នៅតាមបណ្តាឃុំទាំង ១៨ នៅទូទាំងស្រុកលណ្តាលស្ទឹង ខេត្តកណ្តាល៕