ទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឲ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងការពារសន្តិភាព ជូនបងប្អូនប្រជាពលរដ្ឋ
រតនគិរី៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពីវិធានការចាំបាច់នានាសម្រាប់សភាពការណ៍បច្ចុប្បន្ន។ កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី សមាជិកក្រុមការងារថ្នាក់ជាតិ សមាជិកក្រុមប្រឹក្សាខេត្ត គណៈបញ្ជាការឯកភាពខេត្ត-ក្រុង-ស្រុក និងប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត។
នៅឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនានារបស់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនាពេលកន្លងមក។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានស្នើសុំឲ្យគណៈបញ្ជាការឯកភាពខេត្ត-ក្រុង-ស្រុក និងអាជ្ញាធរដែនដីទាំងអស់ ត្រូវបន្តធានាឲ្យបាននូវសុខសន្តិសុខ និងស្ថិរភាព ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបន្តទប់ស្កាត់នូវផែនការទុច្ចរិត នៃការវិលត្រលប់របស់ទណ្ឌិត សម រង្ស៊ី នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សេរី ត្រឹមត្រូវ និងយុត្តិធម៌។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា រាល់វិធានការបង្ការ ទប់ស្កាត់ និងបំផ្លាញចោលនូវផែនការទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួក គឺសំដៅរក្សាបាននូវសុខសន្តិភាព ស្ថិរភាព ភាពសុខក្សេមក្សាន្ត និងការអភិវឌ្ឍប្រទេសជាតិ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិ និងប្រជាជនកម្ពុជា៕ម.ន ដោយៈ គតិ យុត្ត