ប្រជាពលរដ្ឋស្នើសមត្ថកិច្ចឲ្យជួយបង្ក្រាបហ្គេមបាញ់ និងល្បែងយូគី៣កន្លែង នៅលើផ្លូវរថភ្លើង សង្កាត់ទួលសង្កែ១
ភ្នំពេញ៖ បើទោះបីកន្លងមកទីតាំងល្បែងហ្គេបមបាញ់ត្រី មានការចុះបង្ក្រាបបិទចោលជាហូរហែ នៅអមសងខាងផ្លូវរថភ្លើង ក្នុងភូមិបាក់ទូក និងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ប៉ុន្តែប្រជាពលរដ្ឋ សង្កេតឃើញថា នៅអមសងខាងផ្លូវរថភ្លើងនេះ នៅតែមានបនល្បែងហ្គេមបាញ់ត្រី ចំនួន៣កន្លែងទៀត និងល្បែងយូគីផងដែរ នៅតែអាចបើកដំណើរការទទួលភ្ញៀវមកលេងទាំងយប់ ទាំងថ្ងៃគ្មានខ្លាចញញើតឡើយ ដោយមិនទាន់ឃើញអាជ្ញាធរខណ្ឌ ឫលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការខណ្ឌ ដែលទើបឡើងកាន់តំណែងថ្មីៗ ចេញមកបង្ក្រាបនៅឡើយទេ? ឬអាចថា លោកមិនទាន់ដឹង?។
បញ្ហាខាងលនេះ តាមរយៈភ្នាក់ងារព័ត៌មានទូរទស្សន៍អប្សរា លោក ហាស់ កំសាន្ដ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងហ្គេមបាញ់ត្រី និងល្បែងយូគីទាំងនេះ សូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវ ឲ្យជួយចាត់វិធានការបង្ក្រាប ក្នុងការចូលរួមទប់ស្កាត់បទល្មើសចោរកម្មនានា ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
លើសពីនេះ ប្រជាពលរដ្ឋមានសង្ឃឹម និងជឿជាក់ថា អាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ច ពិសេសលោកអធិការខណ្ឌ ដែលទើបឡើងកាន់តំណែងថ្មីៗនេះ ប្រាកដជាបង្ក្រាបល្បែងយូគី និងល្បែងហ្គេមបាញ់ត្រី ចំនួន៣ទីតាំងនេះ ទៅតាមសំណូមពររបស់ពួកគាត់ ពោលគឺបាននន័យថា កន្លងមកក្រោយពីអាជ្ញាធរមានសមត្ថកិច្ច ទទួលបានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ ដើម្បីស្នើសុំឲ្យជួយបង្ក្រាបល្បែងស៊ីសង នៅត្រង់ចំណុចណាមួយនោះ គឺតែងតែចុះប្រតិបត្តិការបង្ក្រាបជានិច្ច តែបង្ក្រាបនៅកន្លែងផ្សេងៗទៅវិញ ក្រៅពីចំណុចដែលពួកគាត់ចង់បាន ជាមូលហេតុនាំឲ្យកើតមានការក្ដៅក្រហាយ៕ម.ន ដោយៈ ហាស់ កំសាន្ដ