វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅសាលាក្រុងកំពង់ឆ្នាំង មានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ប៊ន សុភី អភិបាលរងខេត្ត ដោយមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក ក្រុម ប្រឹក្សាខេត្ត នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុម ប្រឹក្សា ស្រុក គណៈអភិបាលក្រុង ការិយាល័យជុំវិញក្រុង ក្រុម ប្រឹក្សា ក្រុង ចៅសង្កាត់ ប្រជាពលរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងវេទិការក៏បានអានរបាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៩-២០២១) ប្រចាំឆ្នាំ២០១៩ និងទិសដៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២)។ ការ ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៣ ជាការបង្ហាញអំពីសមិទ្ធផល នានា ដែលសម្រេចបានរយ:ពេលមួយឆ្នាំ និងគម្រោងវិនិយោគផែនការអភិវឌ្ឍន៍ខេត្ត។
ជាងនេះទៅទៀត វេទិកាពិគ្រោះយោបល់នេះ បានផ្ដល់ឱកាសដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួមពិគ្រោះយោបល់ សំដៅចូលរួមកែលម្អចំណុចដែលនៅខ្វះខាត និងស្វែងដំណោះស្រាយចំពោះបញ្ហាប្រឈមសំខាន់ៗដែលកើតមាននៅមូលដ្ឋាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងាររបស់អាជ្ញាធរ សំដៅលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែរីកចម្រើនថែមទៀត។
គូសបញ្ជាក់ថា ប្រធានបទដែលត្រូវបានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្តរួមមាន៖
១)ការងារសន្ដិសុខ សណ្ដាប់ធ្នាប់ សង្គម អំពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និង សុវត្ថិភាពចរាចរណ៍។
២)កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន។
៣)ការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
៤)ការគ្រប់គ្រង សោភ័ណភាព អនាម័យ បរិស្ថាន និងធនធម្មជាតិ និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុង វេទិកានោះ ក៏មានលើកជាសំណួរ និងសំណូមពរ ដោយផ្ទាល់មាត់ និងលាយលក្ខណ៍ជាអក្សរ ក្នុងនោះ ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានបកស្រាយបំភ្លឺមួយចំនួន រីឯបញ្ហាដែលនៅសេសសល់បានទទួលយកសម្រាប់ចុះពិនិត្យសិក្សាឲ្យបានច្បាស់លាស់ជាបន្តទៀត ដើម្បីស្វែងរកដំណោះស្រាយឲ្យមានប្រសិទ្ធភាព៕ធ.ដ
ដោយៈ គឹម សៀន