សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យ បៀលប្រាយ ជាង ៤ពាន់នាក់ នាព្រឹកស្អែក
ភ្នំពេញ៖ និស្សិតមកពីសកលវិទ្យាល័យបៀលប្រាយ (BBU) ជាង៤ពាន់នាក់ បានបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យ បន្ទាប់ពីបានជម្នះការលំបាកជាច្រើនឆ្នាំលើវិថីនៃការសិក្សានេះ នឹងទទួលសញ្ញាបត្រនាព្រឹកស្អែក។ ពិធីប្រគល់សញ្ញាបត្រជូននិស្សិត ដើម្បីជាសក្ខីកម្មនៃភាពជោគជ័យលើការសិក្សា នឹងត្រូវធ្វើឡើងយ៉ាងមហោឡារឹកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ស្អែកនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។
និស្សិត៤,០៣៨នាក់ (ស្រី១,៣៤៤នាក់) ដែលបានបពា្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា២០១៥-២០១៦ ដល់ឆ្នាំសិក្សា២០១៨-២០១៩ រួមមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន ចំនួន ១៦៩នាក់ (ស្រី៦២នាក់)ផងដែរ។
សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដែលបានផ្តល់តម្លៃខ្ពស់បំផុតដល់ការសិក្សាអប់រំ តែងតែឆ្លៀតឱកាសពីការបំពេញភារកិច្ចដ៏មមាញឹកសម្រាប់ជាតិ ដើម្បីប្រគល់សញ្ញាបត្រ និងផ្តល់ដំបូន្មានផ្សេងៗដល់និស្សិតបញ្ចប់ការសិក្សា។
លោក ឌៀប សីហា សកលវិទ្យាធិការ នៃសាកលវិទ្យាល័យបៀលប្រាយ បានហៅវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រនេះ ជាការផ្តល់នូវកិត្តិយសដ៏ឧត្តុង្គឧត្តម ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅបំផុតចំពោះចំពោះនិស្សិត ក៏ដូចជាសកលវិទ្យាល័យ៕ធ.ដ