សម្តេចតេជោ ហ៊ុន សែន ណែរនាំឱ្យប្រែកក្លាយមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមន្ទីរពេទ្យ ជំនាញព្យាបាលជំងឺមហារីក
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យពិនិត្យ ឡើងវិញចំពោះមន្ទីរពេទ្យហ្លួងម៉ែ ដែលពេលនេះមិនមាន អ្នកជំងឺ កូវីដ-១៩ សម្រាកព្យាបាលទៀតនោះទេ ត្រូវប្រែក្លាយ មន្ទីពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេស «ជំងឺមហារីក» ដើម្បីសម្រួល ដល់ការព្យាបាលប្រជាពលរដ្ឋ កាត់បន្ថយការចេញទៅរកសេវា ព្យាបាលនៅក្រៅប្រទេស។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្ដេចតេជោឬធីតា (TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌល សន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ ។
សម្តេចតេជោ បានណែរនាំដល់ក្រុមមន្រ្តីសុខាភិបាល ប្រែក្លាយ មន្ទីរពេទ្យហ្លួងម៉ែ ឱ្យទៅជាមន្ទីរពេទ្យជំនាញ ព្យាបាលជំងឺមហារីក ដោយត្រូវបំពាក់ឧបករណ៍សំភារៈបរិក្ខា ទៅតាមជំនាញ ។
សម្តេចតេជោបានថ្លែងបន្តថា ត្រូវធ្វើយ៉ាងណា ឲ្យមន្ទីរហ្លួងម៉ែ ក្លាយ ទៅជាមន្ទីរពេទ្យមហារីក ដោយក្រុមមន្រ្តីជំនាញចូលទៅរៀបចំ ជា បណ្តើៗទៅ ដោយមិនចាំបាច់ ដាក់អ្នកជំងឺកូវីដទៀតទេ ត្រូវដាក់ ផ្នែក ទាក់ទិន នឹងការព្យបាលមហារីកតែម្តង ។
សម្តេចបានបានឱ្យដឹងទៀតថា ពលរដ្ឋកម្ពុជា ឱ្យតែមានជំងឺមហារីក គឺធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេសហើយ ដូច្នេះត្រូវជ្រើស រើស អ្នកឯកទេស បញ្ចូលទៅ ដើម្បីធ្វើការនៅមន្ទីរពេទ្យហ្លួងម៉ែ ។
ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសដែរថា កម្ពុជា ក៏បាននិងកំពុងរៀបចំកសាងមន្ទីរពេទ្យមួយទៀត ដែលមាន សមត្ថភាពដាក់បានមួយម៉ឺនគ្រែផងដែរ ៕
ដោយ៖ វណ្ណលុក









