ប្រមុខការទូតអ៊ុយក្រែន និងមន្រ្តីជាន់ខ្ពស់អឺរ៉ុបពិភាក្សាអំពីសេចក្តីប្រាថ្នាសមាហរណកម្មអឺរ៉ុបរបស់អ៊ុយក្រែន
កៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីត្រូ ខូឡេបា និងស្នងការសម្រាប់ប្រទេសជិតខាង និងការពង្រីកសហភាពអឺរ៉ុប (EU) លោក អូលីវើ វ៉ាហែល្យី (Oliver Varhelyi) ក្នុងថ្ងៃចន្ទនេះ បានពិភាក្សាអំពីសេចក្តីប្រាថ្នាសមាហរណកម្មអឺរ៉ុបរបស់អ៊ុយក្រែន។ នេះបើតាមក្រសួងការបរទេសអ៊ុយក្រែន។
ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅឯកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងព្រុចសែល លោក ខូឡេបា និងលោក វ៉ាហែល្យី បានពិភាក្សាអំពីលទ្ធភាពនៃការផ្តល់ឋានៈជាបេក្ខជនសហភាពអឺរ៉ុបដល់អ៊ុយក្រែន។
លោក ខូឡេបា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាដល់ពេលហើយដែលត្រូវជួសជុលផ្លូវច្បាប់អ៊ុយក្រែននៅលើផ្លូវរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុប និងធ្វើឱ្យអឺរ៉ុបកាន់តែរឹងមាំ សុវត្ថិភាព និងវិបុលភាពជាងមុន។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចុះហត្ថលេខាលើការអំពាវនាវជាផ្លូវការទៅកាន់សហភាពអឺរ៉ុប ដែលស្នើសុំឱ្យមានការចូលជាសមាជិកអ៊ុយក្រែន តាមរយៈនីតិវិធីពិសេសថ្មីមួយ។
ជាការឆ្លើយតប ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយ៉េន បានផ្តល់កម្រងសំណួរសមាជិកភាពសហភាពអឺរ៉ុបដល់លោក ហ្សេលេនស្គីក្នុងកំលុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ទីក្រុងកៀវ ក្នុងខែមេសា។
ផ្នែកទីមួយនៃឯកសារត្រូវបានដាក់ទៅសហភាពអឺរ៉ុបនៅថ្ងៃទី១៨ ខែមេសា ខណៈផ្នែកទី ២ គឺនៅថ្ងៃទី០៩ ខែឧសភា។ របាយការណ៍ព័ត៌មានបញ្ជាក់ថា សហភាពអឺរ៉ុបគ្រោងនឹងពិចារណាលើស្ថានភាពបេក្ខជនអ៊ុយក្រែននៅខែក្រោយនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា


