លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីនឹងឆ្លើយតបការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការណាតូនៅលើទឹកដីហ្វាំងឡង់ និងស៊ុយអែត
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃចន្ទថ្លែងថា ទីក្រុងម៉ូស្គូនឹងធ្វើការឆ្លើយតប ប្រសិនបើអង្គការ NATO មានផែនការដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធយោធានៅលើទឹកដីប្រទេសហ្វាំងឡង់ ឬស៊ុយអែត។
វិមានក្រឹមឡាំងបានដកស្រង់សម្តីលោក ពូទីន បាននិយាយនៅឯកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាពដឹកនាំដោយរុស្ស៊ី (CSTO) ក្នុងទីក្រុងម៉ូស្គូថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាទៅក្នុងទឹកដីប្រទេសទាំងនេះ ពិតជានឹងបង្កឱ្យមានការឆ្លើយតបរបស់យើង ដែលនឹងអាស្រ័យទៅលើប្រភេទនៃការគំរាមកំហែងនេះ។
លោក ពូទីន បន្តថា បញ្ហានៃការពង្រីកខ្លួនរបស់ណាតូ គឺភាគច្រើនជាសិប្បនិម្មិត ហើយកំពុងត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិកជាឧបករណ៍គោលនយោបាយការបរទេស។
លោក ពូទីន បានបញ្ជាក់ដូច្នេះថា ណាតូកំពុងត្រូវបានប្រើប្រាស់ជាឧបករណ៍គោលនយោបាយការបរទេសដោយប្រទេសមួយ ហើយសកម្មភាពនេះត្រូវបានធ្វើយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយជំនាញ និងខ្លាំងក្លា ដោយលោកបានចង្អុលបង្ហាញបន្ថែមទៀតថា ស្ថានភាពនេះមានឥទ្ធិពលអាក្រក់ទៅលើសន្តិសុខអន្តរជាតិ។
គួរបញ្ជាក់ថា ទាំងហ្វាំងឡង់ និងស៊ុយអែតបានប្រកាសពីការសម្រេចចិត្តដើម្បីដាក់ពាក្យសុំចូលជាសមាជិកអង្គការ NATO ។
កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីហ្វាំងឡង់ និងគណៈកម្មាធិការគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលបានសម្រេចចិត្តជាផ្លូវការ ដើម្បីចាប់ផ្តើមដំណើរការនៃការដាក់ពាក្យសុំចូលជាសមាជិកណាតូរបស់ប្រទេសនេះ។
ដោយឡែក នាយករដ្ឋមន្ត្រីស៊ុយអែតវិញក៏បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញ អំពីការសម្រេចចិត្តជាផ្លូវការ ដើម្បីចាប់ផ្តើមដំណើរការនៃការដាក់ពាក្យសុំចូលជាសមាជិក NATO ផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា




