សិក្ខាសាលាត្រួតពិនិត្យលទ្ធផលការងារអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០
ភ្នំពេញ ៖ សិក្ខាសាលាត្រួតពិនិត្យលទ្ធផលការងារអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នាទីស្តីការក្រសួង ដោយមនាករចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ ។
ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព មានប្រសាសន៍ថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព គឺជាស្ថាប័នអន្តរក្រសួងដែលត្រូវបានបង្កើតឡើង ដើម្បីទទួលបន្ទុកគិតគូររៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រនានា សំដៅធានានូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បំពេញភារកិច្ចរបស់ខ្លួន ដោយផ្អែកលើការសិក្សាស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រ ដែលនេះគឺជាផ្នែកមួយដ៏សំខាន់នៃកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយចីរភាព។
ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ស្ថាប័ននេះក៏មានតួនាទីសម្របសម្រួល ការអនុវត្តកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា នៅក្រោមអនុសញ្ញា ពិធីសារ និងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធនានា ដែលកម្ពុជាជាសមាជិក ព្រមទាំងសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូអភិវឌ្ឍន៍ ការកសាងសមត្ថភាព និងការកៀរគរធនធានសម្រាប់គាំទ្រការអនុវត្តគំនិតផ្តួចផ្តើមនានា ដែលពាក់ព័ន្ធនឹងអភិវឌ្ឍដោយចីរភាពផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាបានប្តេជ្ញាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ពោលគឺកម្ពុជាមិនត្រឹមតែមានចំណូលខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រជាពលរដ្ឋពោរពេញទៅដោយចំណេះដឹង សមត្ថភាព វប្បធម៌ របៀបរបបរស់នៅ និងការគិតគូរបែបជឿនលឿន ទីក្រុងមានភាពទាក់ទាញប្រកបដោយផាសុកភាព និងភាពបៃតង ហើយសង្គមមានយុត្តិធម៌ និងសុខដុមរមនាផងដែរ ។
ដោយឡែកយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ បានបញ្ជាក់យ៉ាងច្បាស់អំពីអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន រួមទាំងការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕ធ.ដ