អនុរដ្ឋលេខាធិការក្រសួងអប់រំ៖ យុវជនមួយម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត
ឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានអញ្ជើញចូលរួមនៅក្នុងពិធីបិទការប្រកួត ប្រជែងសា្នដៃ យុវជនសវត្សរ៍ទី២១ ក្រោមប្រធានបទ ការអភិវឌ្ឍវិស័យកសិកម្មតាមបែបវិទ្យាសាស្រ្ត នារសៀលថ្ងៃ ទី១៩ ខែ តុលា ឆ្នាំ ២០១៩
នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា។
ឯកឧត្តម សេរី ជំនះ ក្នុងនាមក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថាយុវជន ជាសសរទ្រូងរបស់ប្រទេសជាតិទៅថ្ងៃអនាគត ជាកម្លាំបន្តវេនប្រកបដោយសក្តានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងការពាររាល់សមិទ្ធិផលសង្គមជាតិ។ ភាពរឹងមាំរបស់យុវជនកម្ពុជា តំណាងឲ្យអនាគត
ដ៏រុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាការពិតណាស់ប្រទេសសព្វថ្ងៃគឺមានសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានស៊ីចង្វាក់ប្រទាក់ក្រឡាគួរឲ្យគត់សម្គាល់។
ឯកឧត្តម អនុរដ្ឋលេខាធិការបានបន្តថាក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍយុវជន ឲ្យមានការរីកចំរើនគ្រប់ផ្នែក ទាំងខាងចំណេះដឹង ចំណេះធ្វើ សុខភាព កាយសម្បទាសីលធម៌ និងការរស់នៅថ្លៃថ្នូរ ជៀសផុតពីអំពើអបាយមុខ អសីលធម៌ និងអំពើហិង្សាផ្សេងៗ ដែលកើតមានដល់ប្រជាជនទូទៅជាពិសេសកុមារ និងយុវជន។
ឯកឧត្តម សេរី ជំនះ បានបញ្ជាក់ថាអនុវិស័យយុវជនបានកំណត់ថា យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត។ ដើម្បីឆ្លើយតបតាមគោលដៅនេះ អនុវិស័យយុវជនបានខិតខំកែលម្អផែនការសកម្មភាពប្រចាំឆ្នាំ របស់ខ្លួនឲ្យ ឆ្លើយតបនឹងកំណែទម្រង់ស៊ីជំម្រៅរបស់ក្រសួង ហើយបានអភិវឌ្ឍន៍យុវជនមួយចំនួនដូចជា ការអប់រំសហគ្រិនភាព ភាពជាអ្នកដឹកនាំ កូនល្អ សិស្សល្អ មិត្តល្អ ផ្សព្វផ្សាយសកម្មភាពការងារអភិវឌ្ឍន៍យុវជន និងវេទិកាការសិក្សា និងការងារ
ការបណ្តុះបណ្តាលជំនាញយុវជន កុមារផ្សារភ្ជាប់នឹងសង្គម ការអប់រំផ្លូវចិត្ត ការចូលរួមសកម្មភាពសង្គម ការ
ពង្រឹងសមាគមនិស្សិត ការផ្លាស់ប្តូរទំនាក់ទំនងយុវជនជាតិ និងអន្តរជាតិ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងជំនាញខ្លី យុវជនស្មគ្រចិត្ត ការផ្តល់ពត៌មានទីផ្សារការងារនៅតាម សហគ្រាសរដ្ឋ និងឯកជនទស្សនៈកិច្ចសិក្សា និងបោះជំរំជាដើម។
ឯកឧត្តម សេរី ជំនះ បានផ្តាំផ្ញើរដល់លោកគ្រូអ្នកគ្រូ
ប្រធានប្រតិភូរាជធានី ខេត្ត និងប្អូនៗសិស្សានុសិស្សទាំងអស់ សូមយកចំណេះដឹង បទពិសោធន៍ និងស្នាដៃដែលបានអនុវត្តនៅពេលនេះ ទៅកែលម្អ ហើយផ្សព្វផ្សាយបន្ត ដើម្បីចំណេះដឹងសម្រាប់យកទៅអនុវត្ត ក្នុងតំបន់សហគមន៍របស់យើង។ ប្អូនជាសិស្សានុសិស្សត្រូវបន្តសិក្សាស្រាវជ្រាវ ការងារនេះឲ្យកាន់តែប្រសើរថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសអភិវឌ្ឍនៅក្នុងឆ្នាំ២០៥០៕ធ.ដ