ជនសង្ស័យចំនួន០៩នាក់ត្រូវបាននគរបាលខណ្ឌសែនសុខ បញ្ជូនទៅតុលាការ ពាក់ព័ន្ធ៣ករណីផ្សេងគ្នា
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបានបញ្ជូនជនសង្ស័យ ចំនួន០៩នាក់ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា ទៅកាន់តុលាការ។ ករណីទី១ ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន០២នាក់ ករណីទី២៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ និងករណីទី៣ ៖ ពាក់ព័ន្ធករណីលួចចំនួន០៦នាក់ ។
បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង០៩នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿង ។ ជនសង្ស័យ ទាំង០៩នាក់ខាងលើនេះបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕ធ.ដ