ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យឥណ្ឌា ពន្លឿននីតិវិធី ចុះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងជំរុញការហោះហើរត្រង់
ភ្នំពេញ៖ នៅជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូពីចំងាយ នា រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ជំរុញឱ្យនាយករដ្ឋមន្ត្រីឥណ្ឌា ឯកឧត្តម ណារិនដ្រាម៉ូឌី ជួយពន្លឿន នីតិវិធីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងជំរុញការហោះហើរ ត្រង់ មកកម្ពុជា។
បើតាមឯកឧត្តម កៅ គឹម ហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើដល់ឯកឧត្តម នរិន្ត្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ចំនួនពីរចំណុច។ក្នុងនោះរួមមាន ការជំរុញនូវការបញ្ចប់នីតិវិធីបច្ចេកទេសឲ្យបានឆាប់ ដើម្បីពន្លឿន លើការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងឥណ្ឌា និងពន្លឿនទៅលើការចរចា ដើម្បីបញ្ចប់នូវសន្ធិសញ្ញា វិនិយោគទ្វេភាគីកម្ពុជា-ឥណ្ឌា ដើម្បីឈានទៅចុះហត្ថលេខា ឲ្យបាន ឆាប់ផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឱ្យមានការ ហោះហើរត្រង់ពីប្រទេសឥណ្ឌាមករាជធានីភ្នំពេញ និងពី ឥណ្ឌា មកខេត្តសៀមរាប ដើម្បីជំរុញធ្វើយ៉ាងណាឱ្យទេសចរណ៍ មាន ការកើនឡើងរវាងប្រទេសទាំងពីរ ។ជាពិសេសទៀត ដោយសារ កម្ពុជាឥឡូវនេះ បានបើកចំហសម្រាប់ទេសចរណ៍ ដែលបានចាក់ វ៉ាក់សាំងគ្រប់គ្រាន់ហើយនោះ គឺពុំបានទាមទារឱ្យមានការធ្វើតេស្ត PCR ឬធ្វើតេស្តរហ័សពេលមកដល់នោះទេ។ ដូច្នេះក្នុងន័យនេះ សម្តេចបានស្នើសុំឲ្យឥណ្ឌាជួយជំរុញបន្ថែមឱ្យបានឆាប់រហ័ស។
សម្ដេចក៏បានគូសបញ្ជាក់ផងដែរ ពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មរវាង ប្រទេសកម្ពុជា និងឥណ្ឌា ថ្វីត្បិតមានការធ្លាក់ចុះនៅសម័យកាល កូវីដ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ ៣០០លានដុល្លារ៕ ដោយ៖ វណ្ណលុក















