សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាជម្រាបលោកនាយករដ្ឋមន្ត្រីឥណ្ឌា ពីគោលដៅបីចំណុច ក្នុងការជួយដល់មីយ៉ាន់ម៉ា
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ
មន្រ្តីកម្ពុជា បានលើកឡើងពីគោលដៅសំខានៗចំនួនបីចំណុច ជូនដល់នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងការជួយដល់ប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមឯកឧត្តម កៅ គឹម ហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្រោយជំនួបតាមប្រព័ន្ធវីដេអូពីចំងាយរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីឥណ្ឌា ឯកឧត្តម ណារិនដ្រាម៉ូឌី នៅរសៀលថ្ងៃទី១៨ ខែឧសភានេះ។
នៅក្នុងកិច្ចពិភាក្សាការងារនេះ សម្ដេចតឹជោ ហ៊ុន សែន បានគូស បញ្ជាក់ អំពី ការងារដែលកម្ពុជា បានធ្វើក្នុងនាមជាប្រធានអាស៊ាន ជាពិសេស នៅក្នុងការខិតខំជួយដល់ប្រទេសមីយ៉ាន់ម៉ា កុំឱ្យធ្លាក់ ទៅក្នុងសង្គ្រាមស៊ីវិល ។
សម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចបានបានអញ្ជើញទៅ ទស្សន កិច្ច នៅមីយ៉ាន់ម៉ា នៅថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២ និង បានជួបជាមួយឯកឧត្តម មីន អោងលាំង ចំនួន២លើក តាមវីដេអូ ខនហ្វឺរេន ហើយក៏មានទស្សនកិច្ចរបស់ឯកឧត្តម ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅទស្សនកិច្ច នៅ មីយ៉ាន់ម៉ា ហើយបន្ទាប់មក មានកិច្ចប្រជុំពិគ្រោះយោបល់ ក្នុងការ ផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា ដែលជាជំនួយមនុស្សធម៌។
នៅក្នងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បីចំណុចនៃគោលដៅរបស់សម្ដេចតេជោជួយដល់មីយ៉ាន់ម៉ា គឺទី១ បញ្ឈប់អំពើហិង្សា ហើយនិងធ្វើយ៉ាងណាឲ្យមានបទឈប់បាញ់ និងរក្សាស្ថានភាពអត់ធ្មត់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា,ទី២.ខិតខំជំរុញជំនួយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការជំនួយជាចាំបាច់ និងទី៣ ជំរុញឲ្យមានកិច្ចសន្ទនា ដោយ មានការចូលរួមពីគ្រប់ភាគី។
ជាការឆ្លើយតប ឯកឧត្តម នាយករដ្ឋមន្ត្រីឥណ្ឌា បានគូសបញ្ជាក់ថា ពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើយ៉ាងណា គាំទ្រដល់ ប្រទេស មីយ៉ាន់ម៉ា ដែលជាប្រទេសភូមិផងរបងជាមួយប្រទេស ឥណ្ឌា ឲ្យមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។
ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តម ពិតជាគាំទ្រនៃតួនាទីជា ប្រធាន អាស៊ានផង គាំទ្រមជ្ឈភាពអាស៊ានផង និងគាំទ្រការឯកភាពផ្ទៃក្នុង របស់អាស៊ានផង ក្នុងការដើរតួនាទីយ៉ាងសំខាន់នេះ ។
ជាមួយគ្នានេះដែរ ឯកឧត្តមបានគូសបញ្ជាក់ដែរថា ឯកឧត្តម បាន ព្យាយាមចូលរួមចំណែកក្នុងការសន្ទនារកដំណោះស្រាយរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលកន្លងមក ឯកឧត្ដម បានជួបសន្ទនាជាមួយ ប្រធានាធិបតីទាំងពីរ រុស្ស៊ី និងអ៊ុយក្រែន ដើម្បីធ្វើយ៉ាងម៉េច ឱ្យស្ដារ ស្ថានភាពនេះមករកសន្តិភាពវិញ។
នៅក្នុងសមុទ្រចិនខាងត្បូង ឯកឧត្តម ចាត់ទុកថា សមុទ្រចិនខាង ត្បូង គឺជាសមុទ្រដែលមានសារៈសំខាន់ណាស់ ជាពិសេស ធ្វើយ៉ាង ណាឱ្យមានសេរី បើកចំហនិងផ្អែកទៅលើច្បាប់អន្តរជាតិ ហើយ ឯកឧត្តមពិតជាគាំទ្រក្នុងការចរចាឲ្យមាន ស៊ីអូស៊ី ជាពិសេស ដែល មានប្រសិទ្ធភាព មានបរិយ៉ាប័ណ ហើយមានខ្លឹមសារ ព្រម ទាំងផ្អែក ទៅលើច្បាប់នៃអន្តរជាតិផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ដែរថា ឯកឧត្តមចាត់ទុកអាស៊ាន ជាមជ្ឈមណ្ឌលនៃឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយ ឯកឧត្តមចាត់ទុកថា ការងារទាំងអស់នេះ គឺអាស៊ាន មានតួនាទី ស្នូល ដ៏សំខាន់ផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់ឯកឧត្តម នឹងស្វាគមន៍នូវចំណុចទាំងឡាយដែល ឯកឧត្តម បានលើកឡើង ។ សម្ដេចបានបញ្ជាក់ថា ឯកឧត្តម នឹងបន្តតួនាទី ក្នុងការជំរុញកិច្ចសន្ទនាការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន នៅពេល ខាងមុខជាបន្តបន្ទាប់ទៀត។ សម្ដេចមានការជឿជាក់ថា ឥណ្ឌា អាច ដើរតួនាទីសមស្របក្នុងការចរចារវាងភាគីទាំងពីរ អ៊ុយក្រែន និងរុស្ស៊ី ហើយឥណ្ឌា នឹងដើរតួនាទីសំខាន់ក្នុងការងារនេះ ។
សម្ដេចក៏បានគូសបញ្ជាក់ដែរថា សម្ដេចចង់ឃើញដំណោះ ស្រាយ រវាងរុស្ស៊ី-អ៊ុយក្រែន ឲ្យបានឆាប់ផងដែរ ដោយសារវាមានផល ប៉ះពាល់ ដល់សកលលោក ជាពិសេស លើវិស័យសន្តិសុខស្បៀង និងថាមពល ដែលប៉ះពាល់ដល់ប្រទេសទាំងអស់ ៕
ដោយ៖ វណ្ណលុក














