សម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសបានយូរ គឺដោយសារក្នុងចិត្តមានធម៌ គុណធម៌ តាមរយៈការជឿលើបុណ្យបាប
កំពត ៖ អ្នកនយោបាយដឹកនាំប្រទេសបានយូរអង្វែង គឺដោយសារពលរដ្ឋ មានការគាំទ្រច្រើន យ៉ាងណាមិញកម្ពុជាបច្ចុប្បន្ន គឺស្ថិតក្នុងម្លប់នៃសុខសន្តិភាព ប្រជាពលរដ្ឋទទួលបានការកក់ក្ដៅ មានសិទ្ធិសេរីភាព ជំនឿសាសនា និងបក្សនយោបាយរៀងៗខ្លួន និងមានជីវភាពល្អប្រសើរ ដោយផ្ដើមចេញពី សម្ដេចតេជោហ៊ុន សែន ជាស្ថាបនិកនយោបាយឈ្នះឈ្នះ ជូនប្រទេសជាតិ បានសាងនូវអំពើល្អ ក្នុងចិត្ត ប្រកបដោយធម៌ គុណធម៌ ជឿលើបុណ្យបាប និងបម្រើ ការពារនិងសង្គ្រោះប្រជាពលរដ្ឋជារៀងរហូត។
ថ្លែងនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តគិរីឱសថទឹកជប់ ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឺកឈូ ខេត្តកំពត កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកបញ្ជាក់ថា អ្នកនយោបាយ ឬអ្នកដឹកនាំប្រទេស បើទោះបីមានចំណេះដឹង រៀនបានខ្ពង់ខ្ពស់ រហូតថ្នាក់បណ្ឌិតយ៉ាងណាក៏ដោយ តែបើខ្វះគុណធម៌ និងធម៌ក្នុងចិត្ត មិនបានសាងនូវអំពើល្អ មិនស្គាល់បាបបុណ្យ មិនបានបម្រើ ផលប្រយោជន៍ប្រទេសជាតិនិងប្រជាជនរបស់ខ្លួនដោយស្មោះត្រង់នោះទេ អ្នកនយោបាយនោះមិនអាចដឹកនាំប្រទេសបានយូរ ឬធ្វើនយោបាយមិនបានជោគជ័យដោយមានការគាំទ្រពីប្រជាពលរដ្ឋឡើយ។
តួយ៉ាងដូចអ្នកដឹកនាំក្នុងរបបប៉ុលពត ដែលបានធ្វើបាបនិងកាប់សម្លាប់ប្រជាពលរដ្ឋ បំបាត់សិទ្ធិសេរីភាពជំនឿសាសនា ការដឹកនាំប្រទេសក៏មិនបានយូរអង្វែងដែរ ហើយក្នុងនោះដែរបច្ចុប្បន្ន នៅកម្ពុជាយើង ក៏នៅតែមាន អ្នកនយោបាយខ្មែរមួយចំនួនមានចំណេះដឹងរៀនបានខ្ពង់ខ្ពស់ពីក្រៅប្រទេស តែធាតុពិតខ្វះធម៌ និងគុណធម៌នៅក្នុងខ្លួន តាមរយៈការបញ្ចេញសកម្មភាពប្រឆាំង អុជអាលញុះញង់ ក្នុងចេតនាបំភ្លេចបំផ្លាញជាតិមាតុភូមិនិងផលប្រយោជន៍ប្រជាពលរដ្ឋ ដោយពួកគេ មិនបានបម្រើឬក៏សាងអ្វីបន្តិចបន្តួចដើម្បីប្រទេសជាតិនិងប្រជាជនសោះនោះ ពួកគេតែងតែទទួលបរាជ័យក្នុងការធ្វើនយោបាយរាប់ទសវត្សរ៍កន្លងមកនេះ។ ផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចតេជោហ៊ុន សែន ជាអ្នកសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋនិងរំដោះប្រទេសជាតិចេញពីរណ្ដៅមរណៈនៃរបស់ប៉ុលពត រហូតបន្តការការពារ កសាងនិងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដូចសព្វថ្ងៃ នេះតែងតែទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ ក្លាយជាអ្នកដឹកនាំប្រទេសបានយូរអង្វែងជាងគេក្នុងលោក ។
លទ្ធផលទទួលបាន តាមរយៈសកម្មភាពរាប់មិនអស់ជួយដល់ប្រទេសជាតិនិងប្រជាជនគ្រប់កាលៈទេសៈរបស់សម្ដេចតេជោហ៊ុនសែន ក៏ដូចជាគណបក្សប្រជាជន កម្ពុជា ដែលតែងតែលះបង់ដោយស្មោះត្រង់ជាមួយនឹងប្រជាជន ប្រកាន់ខ្ជាប់ធម៌ក្នុងខ្លួន គុណធម៌ ស្គាល់បុណ្យស្គាល់បាប ពោលគឺកសាង ការពារ និងសង្គ្រោះប្រជាជនគ្រប់គ្រាលំបាកជាច្រើន ពីដើមរៀងរហូតមក រមែងទទួលបានផល ជោគជ័យ តាមរយៈនៃលទ្ធផលការបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជន ពិសេសជូនសម្ដេចតេជោហ៊ុន សែន បានដឹកនាំប្រទេសគ្រប់អាណត្តិ ជាបន្តបន្ទាប់។
ក្នុងឱកាសនោះ តាមរយៈសមិទ្ធផលនានាក្នុងទីអារាមវត្តគិរីឱសថទឹកជប់ ពិសេសព្រះវិហារដែលធ្វើវិធីបញ្ចុះខ័ណ្ឌសីម៉ានៅពេលនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទ អាជ្ញាធរគ្រប់ជាន់ថ្នាក់ រួមនឹងថ្នាក់ដឹកនាំ សប្បុរសជននានា ដែលបានរួមសាមគ្គីគ្នា កសាងព្រះវិហារនេះឡើង សម្រាប់ជាទីសក្ការៈបូជាដល់ ពុទ្ធសាសនិកជនទូទៅ ។ ឯកឧត្តមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទាំងអស់ដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ ត្រូវទៅចាក់វ៉ាក់សាំងការពារកូវីត១៩ឲ្យបានគ្រប់គ្នា ហើយពិសេសទៅទៀតនោះ ប្រជាពលរដ្ឋដែលមានអាយុគ្រប់បោះឆ្នោតត្រូវទៅបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់នាថ្ងៃទី៥ ខែមិថុនា ២០២២ខាងមុខនេះ ឲ្យបានគ្រប់គ្នា ដើម្បីជ្រើសរើសតំណាងក្នុងមូលដ្ឋានរបស់ខ្លួនដែលធ្លាប់រួមរស់ បម្រើការពារនិងសង្គ្រោះប្រជាជនតាំងពីដើមរៀងមកកុំខាន ។
សូមបញ្ជាក់ថាវត្តគិរីឱសថទឹកជប់ឈ្មោះដើមហៅថា វត្ត ភ្នំជប់ ត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩៦២ តែក្នុងរបបប៉ុលពតត្រូវបានវាយកំទេចចោលទាំងអស់។ នៅឆ្នាំ១៩៨៧ រហូតមកបច្ចុប្បន្ននេះសមិទ្ធផលនានានៅក្នុងវត្ត ក៏ត្រូវបានកសាងឡើងវិញ ក្រោមការចូលរួមពីព្រះសង្ឃ ពុទ្ធបរិស័ទថ្នាក់ដឹកនាំ និងសប្បុរសជននានា មានការរីកចម្រើនជាបន្តបន្ទាប់។ ដោយឡែកព្រះវិហារដែលធ្វើពិធីបញ្ចុះខណ្ឌសីមានាពេលនេះចាប់ផ្ដើមកសាងឡើងនៅឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ មានទំហំ ១៨,៥ម៉ែត្រ គុណនឹង១៣ម៉ែត្រ កំពស់១៥ម៉ែត និងបរិវេណ ៣៦,៥ម៉ែត្រ គុណនឹង២៤ម៉ែត្រ រួមនិងការកសាងផ្លូវបេតុងផងនោះត្រូវបានចំណាយថវិកាសរុបចំនួន ៣៧ម៉ឺនដុល្លារ ៕ Sila Sarin









