ប្រជាពលរដ្ឋជួបការលំបាកខ្វះខាតចំនួន ១០គ្រួសារនៅក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ បានទទួល អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ
កំពង់ឆ្នាំង ៖ ក្រុមការងារអ្នកសារព័ត៌មាន ខេត្តកំពង់ឆ្នាំង និងជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង
នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បាននាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ប្រគល់ជូនប្រជាពលរដ្ឋចំនួន ១០គ្រួសារដែលមានជីវភាពខ្វះខាតនៅតាមផ្ទះដោយផ្ទាល់នៅក្នុង ស្រុករលាប្អៀរ ០៤គ្រួសារ និងក្រុងកំពង់ឆ្នាំង ០៦គ្រួសារ ។
លោក ឈៀង ថារិទ្ធ តំណាងឱ្យក្រុមអ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ដោយពិនិត្យឃើញប្រជាពលរដ្ឋចំនួន ១០គ្រួសារ ដែលខ្លះជាទុរគត ជនចាស់ជរា និងជនពិការ ជួបការខ្វះខាត តាមរយៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានយុវជនគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បាននាំអំណោយសប្បុរសធម៌របស់ ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ចែកជូនប្រជាពលរដ្ឋជួបការខ្វះខាតខាងលើនេះដល់ផ្ទះតែម្ដង ។
ប្រជាពលរដ្ឋកក្រីក្រ ដែលជួបការខ្វះខាតខាងលើនេះ គឺរស់នៅក្នុងក្រុងកំពង់ឆ្នាំងចំនួន០៦គ្រួសារ និងរស់នៅក្នុងស្រុករលាប្អៀរ ០៤គ្រួសារ ដោយក្នុងគ្រួសារៗទទួលបាន អង្ករ ២០គីឡូ , មី ១កេស, ត្រីខ ១២កំប៉ុង , ទឹកស៊ីអ៊ីវ ០៦ដប , អាកុល ០២ដប និងថវិកា ០៤ម៉ឺនរៀល ។ ដោយឡែកក្រុមគ្រួសារលោកតាជនពិការ អ៊ុ សារ៉េត ចៅ ប្រុសរបស់គាត់ម្នាក់ក៏ទទួលបានកង់ ០១ គ្រឿងសំរាប់ជិះទៅរៀនផងដែរ ៕ សុខ គឹមសៀន








