សមាគមអតីតរដ្ឋមន្ត្រីក្រសួងអប់រំអាស៊ានបានវា យតម្លៃថាកម្ពុជាកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣នៃប្រទេសក្នុងតំបន់ ពីការធ្វើកំណែទម្រង់លើវិស័យអប់រំ
ថ្លែងនៅក្នុងពិធីសំណេះសំណាល និង ចែករង្វាន់សិស្សនិទ្ទេសអេ(A)ដែលទើបតែប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩នៅខេត្តបាត់ដំបង ព្រឹកថ្ងៃទី១៩ ខែ តុលាឆ្នាំ២០១៩នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា៖ ការប្រកួតប្រជែងនូវវិស័យអប់រំក្នុងតំបន់កន្លងមកនេះគឺ៖កម្ពុជាបានធ្វើកំណែទម្រង់វិស័យអប់រំ រយៈ ពេល៥ឆ្នាំចុងក្រោយក្នុងតំបន់អាស៊ាន កម្ពុជាបានឡើងមកដល់ចំណាត់ថ្នាក់លេខ៣ ដែលពីមុននេះស្ថិតនៅលំដាប់ចំណាត់ថ្នាក់លេខ៧។ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ក៏បានថ្លែងបន្ថែមទៀតថា៖ ការវាយតម្លៃនេះ គឺធ្វើឡើងដោយសមាគមអតីតរដ្ឋមន្ត្រីក្រួងអប់រំអាស៊ាន ជាអ្នកវាយតម្លៃផ្ទាល់ ។
ឯកឧត្តមរដ្ខលេខាធិការក្រសួងអប់រំ បានគូសបន្ថែមទៀតថា៖ ក្រោមការធ្វើកំណែទម្រង់នៅក្នុងវិស័យអប់រំដ៏ត្រឹមត្រូវ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ធ្វើជាសេនាធិការ បានធ្វើឲ្យវិស័យអប់រំនៅកម្ពុជា កំពុងតែមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំជាបន្តបន្ទាប់។ ហើយក្នុងនោះសមាគមអតីតរដ្ឋមន្ត្រីក្រសួងអប់រំអាស៊ាន ក៏បានធ្វើការវាយតម្លៃថា៖ ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាបានស្ថិតនៅចំណាត់ថ្នាក់លេខ៣នៅតំបន់អាស៊ាន ក្នុងការកែទម្រង់នូវវិស័យអប់រំក្នុងប្រទេសរបស់ខ្លួន។ក្នុងនោះប្រទេសធ្វើការកែទម្រង់បានល្អ ហើយចំណាត់ថ្នាក់លេខ១ប្រទេសសិង្ហបុរី, លេខ២ប្រទេសថៃ និង លេខ៣ប្រទេសកម្ពុជាយើង ។ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងអប់រំបានថ្លែងបន្តទៀតថា៖ ការធ្វើកំណែទម្រង់វិស័យអប់រំរហូតឈានដល់ចំណុចល្អនេះ គឺ៖ក្រសួងមានតែគំនិតទេ?តែការអនុវត្តផ្ទាល់គឺមានតែលោកគ្រូ និងអ្នកគ្រូ នៅថ្នាក់ក្រោមជាតិនេះ។ជាពិសេសទៀតនោះ គឺប្អូនៗជាសិស្ស ខ្លួនឯងផ្ទាល់តែម្តង។ ដែលជាអ្នកធ្វើឲ្យខ្លួនឯង ទទួលបាននូវភាជោគជ័យ ដោយត្រូវខិតខំប្រឹងប្រែងរៀនសូត្រ គឺ៖អ្នកចេះគឺជាប់។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ ក្នុងនាមអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង រួមជាមួយមន្ទីរអប់រំ យុវជននិងកីឡាខេត្តបាត់ដំបង សូមចូលរួមជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំនិងជំរុញបណ្តុះនូវធនធានមនុស្សឲ្យបានកាន់តែច្រើននិងប្រកបដោយគុណភាពដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេស
ជាតិ ឲ្យកាន់តែមានការរីកចម្រើន។ និងជាពិសេសនៅក្នុងខេត្តរបស់ខ្លួន។តាមការគូសបញ្ជាក់ពីលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្ត បានឲ្យដឹងថា៖ សិស្សដែលប្រឡងជាប់និទ្ទេ ស(អេ) នៅខេត្តបាត់ដំបង មានចំនួន ៣២នាក់។ក្នុងនោះខេត្តបាត់ដំបងបានជាប់ចំណាត់ថ្នាក់លេខ៣ នៅទូទាំងប្រទេស ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ស សុខា ក៏បានជំរុញបន្ថែមដល់ថ្នាក់ដឹកនាំសាលាទាំងអស់ត្រូវខិតខំបន្ថែមទៀត ក្នុងការធ្វើឲ្យវិស័យអប់រំនៅកម្ពុជាយើងឲ្យកាន់តែមានការរីកចម្រើនថែមទៀត
។ ដោយឡែក ចំពោះសិស្សដែលជាប់នឹងនិទ្ទេសអេទាំងអស់ ដែលនឹងត្រូវបន្តសិក្សានៅថ្នាក់ឧត្តមសិក្សា ក៏ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានល្អប្រសើរថែមទៀត ដើម្បីយកចំណេះដឹងមកជួយអភិឌ្ឍន៍ប្រទេសជាតិ និងមូលដ្ឋានខេត្តរបស់ខ្លួន ។
សូមបញ្ជាក់ថា៖ សិស្សនិទ្ទេស(អេ) ទាំង៣២រូប គឺក្នុងម្នាក់ៗទទួលបានម៉ូតូហុងដាវ៉េវ ២០១៩ ០១គ្រឿង និងថវិកាមួយចំនួន ពីឯកឧត្តម ស សុ ខា ឯកឧត្តម ភួ ពុយ ឯកឧត្តមអភិបាលខេត្ត និងពីសប្បុរសជននានា ក្នុងខេត្តបាត់ដំបងផងដែរ៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)