ពិព័រណ៌កុមារ និងគ្រួសារលើកទី៧ បើកដំណើរការជាផ្លូវហើយនៅទីក្រុងកោះពេជ្រ ចាប់ពីថ្ងៃទី១៩ ដល់ទី២០ ខែតុលានេះ ដោយមានស្តង់ចូលរួមចំនួន២៥០ស្តង់ និងមាន៥ពាន់មុខទំនិញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ពិព័រណ៌កុមារ និងគ្រួសារលើកទី៧ ក្រោមប្រធានបទ កុមារ និងបរិស្ថាន បានចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ទី២០ ខែតុលា ឆ្នំា២០១៩នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដោយមានស្តង់ប្រមាណ២៥០ស្តង់មកពីក្រុមហ៊ុនល្បីៗប្រមាណ១០០ និងមាន៥ពាន់មុខទំនិញ ព្រមទំាងមានមាតាបិតា បុត្រាធិតាប្រមាណជាង៣ម៉ឺន៣ពាន់នាក់ចូលរួម ជាពិសេសកុមារដែលមានអាយុចន្លោះពី១ដល់១៣ឆ្នំា ។

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សា ដែលជាក្រុមហ៊ុនផ្តួចផ្តើមរៀបចំកម្មវិធីពិព័រណ៌នេះឡើងបានបញ្ជាក់ថា ប្រធានបទឆ្នាំនេះមានគោលបំណងផ្សព្វផ្សាយ និងផ្សាភ្ជាប់ចំណេះដឹងពីបរិស្ថានដល់កុមារតូចៗ និង បង្កើតទំលាប់ល្អ ក្នុងការបន្ថយ និងគ្រប់គ្រងសម្រាម ។ ក្នុងរយៈពេល២ថ្ងៃនៃពិព័រណ៍ឆ្នាំនេះ កុមារនឹងទទួលបានបទពិសោធន៍ថ្មី ពីការរៀនកែច្នៃសម្ភារៈដែលពួកគេឈប់ប្រើប្រាស់នៅផ្ទះ  រៀនដាំរុក្ខជាតិបៃតងនៅផ្ទះ រៀនបន្ថយផ្លាស្ទិក និង ប្រើប្រាស់ឡើងវិញក្នុងការរស់នៅប្រចាំថ្ងៃ ។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថ្លែងថា ការរៀបចំពិព័រណ៍កុមារ និងគ្រួសារប្រចាំឆ្នាំជាបន្តបន្ទាប់នៅកម្ពុជា បានរួមចំណែកបង្កើនចំណេះដឹងទូទៅផ្នែកបរិស្ថានដល់កុមារ មាតាបិតា និងអាណាព្យាបាលនៃសិស្សទាំងអស់ តាំងពីថ្នាក់មត្តេយ្យសិក្សាដល់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា និងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់យើង ។

ពិព័រណ៍ពាណិជ្ជកម្មដែលតម្រង់ទិសទៅរកការកសាងធនធានមនុស្ស និង ថែរក្សាបរិស្ថានធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយផលិតផលប្រើប្រាស់ទូទៅរបស់កុមារ ហើយឯកឧត្តមសង្ឃឹមថា ក្នុងរយ:ពេល០២ថ្ងៃនេះ មាតាបិតា និងបុត្រធីតា នឹងមានឱកាសចូលរួមដោយសេរីក្នុងកម្មវីធីកម្សាន្តផ្សេងៗ ដើម្បីទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែម ពីអ្នកជំនាញដែលមកពីសាលាជាតិ និងអន្តរជាតិល្បីៗក្នុងការអប់រំកូនចៅរបស់ខ្លួន ។ ឯកឧត្តមបន្ថែមថា ពិព័រណ៍ពាណិជ្ជកម្មនេះដែរ ក៏នឹងមានការដាក់តាំងបង្ហាញសម្ភារ:បរិស្ថាន និង ផលិតផលកុមារ និង គ្រួសារយ៉ាងច្រើន និងជាឱកាសស្វែងរកដៃគូពាណិជ្ជកម្មផងដែរ សម្រាប់អ្នកដែលមានបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅតាមមូលដ្ឋាន ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ពិធីតំាងពិព័រណ៌កុមារ និងគ្រួសារលើកទី៧ ឆ្នំា២០១៩នេះ បានផ្តោតពិសេសលើប្រធានបទ កុមារ និងបរិស្ថាន Green Generation ។ ឯកឧត្តម នេត្រ ភក្ត្រា បន្ថែមថា ពិព័រណ៌នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏វិសេសវិសាល ក្នុងការចែករំលែកនូវភាពសប្បាយរីករាយ និងចំណេះដឹងអំពីការថែរក្សាបរិស្ថាន ការដាំដើមឈើ ការកែច្នៃរបស់របរចាស់ទៅជារបស់ថ្មី អត្ថប្រយោជន៍នៃថង់កំណាត់ ឬថង់បរិស្ថាន ការគ្រប់គ្រងសំរាម ។

ឯកឧត្តមជឿជាក់ថា ក្មួយៗកុមារា កុមារីដែលមកចូលរួមក្នុងការតំាងពិព័រណ៌នេះ នឹងទទួលបានបទពិសោធន៍ថ្មីពីការរៀនកែច្នៃសម្ភារៈ ដែលពួកគេឈប់ប្រើប្រាស់នៅផ្ទះ រៀនដាំរុក្ខជាតិបៃតងនៅផ្ទះ រៀនកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងប្រើប្រាស់ឡើងវិញក្នុងការរស់នៅប្រចំាថ្ងៃ ស្របតាមគោលការណ៍៣អ៊ែរ គឺកាត់បន្ថយការប្រើប្រាស់ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ ហើយអ្វីដែលកាន់តែប្រសើរជាងនេះទៀតនោះ គឺការបដិសេដប្រើប្រាស់ប្លាស្ទិក នៅក្នុងជីវភាពរស់នៅប្រចំាថ្ងៃរបស់ពួកគេ និងក្រុមគ្រួសារ ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការតាងនាមឱ្យក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអនុស្សាអ៊ីវេនផ្លេននើរ ក៏ដូចជាក្រុមហ៊ុនទំាងអស់ដែលបានរៀបចំ និងបានចូលរួមពិព័រណ៌កុមារ និងគ្រួសារជារៀងរាល់ឆ្នំា ដើម្បីចែករំលែកនូវការអប់រំល្អៗទៅកាន់មាតាបិតា ជាពិសេសកុមារតូចៗ និងសួមអំពាវនាវដល់ក្រុមហ៊ុននានាបន្តចូលរួមក្នុងការតំាងពិព័រណ៌នេះឱ្យកាន់តែច្រើនឡើង ពីព្រោះថា វាជាវេទិកាមួយដ៏មានសារៈសំខាន់សម្រាប់មាតាបិតា និងមានគុណប្រយោជន៍សម្រាប់ក្មួយៗកុមារាកុមារី ដែលជាអ្នកបន្តវេនរបស់យើង គឺធ្វើយ៉ាងណាឱ្យកុមារដែលជាអនាតជាធនធានមនុស្សកម្ពុជាមានសុខភាពល្អ មានចំណេះដឹង មានសីលធម៌ មានគុណធម៌ មានការទទួលខុសត្រូវ និងជាអ្នកគោរពស្រលាញ់បរិស្ថាន ។

សូមជម្រាបថា ពិព័រណ៍កុមារ និងគ្រួសារឆ្នាំនេះ មានផលិតផលជាង៥.០០០មុខទំនិញ និងមានមាតាបិតា បុត្រធិតា ប្រមាណជាង ៣៣.០០០ចូលរួម ជាពិសេសកុមារដែលមានអាយុចន្លោះពី១ដល់១៣ឆ្នាំ ។ ផលិតផលដែលមានដាក់តាំងបង្ហាញរួមមាន៖ សម្ភារៈបរិ ស្ថាន សម្ភារ:សិស្សា សម្ភារ:កូនក្មេងលេង  អាហារ និងភេសជ្ជៈ សម្ភារៈប្រើប្រាស់ និងតុបតែងផ្ទះ វត្ថុអនុស្សាវរីយ៍ និងឧបករណ៍ ផលិតផលធ្វើពីស្បែក និងផលិតផលផ្សេងៗជាច្រើនទៀត ដែលសុទ្ធសឹងជាផលិតផលសំខាន់ៗនិងចាំបាច់សម្រាប់អតិថិជនប្រើប្រាស់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner