ក្រសួងបរិស្ថាន សហការជាមួយដៃគូពិភាក្សាលើការវាយតម្លៃភាគល្អិតនិចល PM 2.5 នៅរាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ និងសំឡេង អគ្គនាយដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន សហការជាមួយអ្នកជំនាញអង្គការ JICA និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សិក្ខាសាលា ស្តីពីការវាយតម្លៃភាគល្អិតនិចល PM2.5 នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម ទា ជុប អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក Muramatsu Yasuhiko ជាប្រធានគម្រោងអង្គការ JICA ប្រចាំកម្ពុជា រួមជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាង ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអ្នកស្រាវជ្រាវជាច្រើននាក់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ។

កិច្ចពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមក្នុងការពិនិត្យមើលការសិក្សាស្រាវជ្រាវដែលផ្តោតលើ៖

1.  ធ្វើការវាស់វែងកំហាប់ភាគល្អិត PM2.5 និង PM10 ។

2.  ប៉ាន់ប្រមាណទីតាំងដែលមានសក្តានុពលបញ្ចេញភាគល្អិតនៅរាជធានីភ្នំពេញ ។

ឯកឧត្តម ទា ជុប បានបញ្ចាក់ថា ការដែលដឹងច្បាស់អំពីស្ថានភាព និងប្រភពចំបងៗនៃបញ្ចេញភាគល្អិតនិចលទៅក្នុងបរិយាកាសពិតជាមានសារៈសំខាន់ណាស់សម្រាប់ការគាំទ្រដល់ការអភិវឌ្ឍន៍ និងអនុវត្តន៍គោលនយោបាយថ្នាក់ជាតិ ដើម្បីធ្វើឲ្យស្ថានភាពភាគល្អិតនិចល និងសារធាតុបំពុលខ្យល់ផ្សេងទៀតមានភាពប្រសើរឡើង។

ឯកឧត្តមបានបញ្ជាក់ដែរថា ដើម្បីឱ្យការសិក្សានេះទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ខ្ញុំសូមឱ្យមន្រ្តីជំនាញបច្ចេកទេសទាំងអស់របស់ក្រសួងបរិស្ថាន ក៏ដូចជាមន្រ្តីជំនាញពីក្រសួង ស្ថាប័នដែលពាក់ព័ន្ធ មេត្តាជួយផ្តល់អនុសាសន៍ និងពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីជួយតម្រង់ទិសក្នុងការធ្វើឲ្យប្រសើរឡើងនូវការស្រាវជ្រាវនេះ ដើម្បីជាធាតុចូលក្នុងការអភិវឌ្ឍន៍គោលនយោបាយស្តីពីការគ្រប់គ្រងភាគល្អិតនិចល។

សូមបញ្ជាក់ថា ការបំពុលខ្យល់ ជាពិសេសនៅតំបន់ទីក្រុង និងទីប្រជុំជន អាចនឹងប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន។  ការសិក្សាកន្លងមកបានរៀបចំឡើង មានរយៈពេល១ឆ្នាំ ដែលបានកំណត់ ទីតាំងសិក្សាចំនួន១០ រួមមានទីតាំងដែលមានចរាចរមមាញឹក ការដ្ឋានសំណង់ តំបន់ឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម និងតំបន់លំនៅស្ថានរបស់ប្រជាពលរដ្ឋ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner