ពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ
សៀមរាប៖ ការអប់រំឧត្តមសិក្សា គឺជាការអនុវិស័យមួយដ៏មានសារសំខាន់ ក្នុងការអភិវឌ្ឍមូលធនមនុស្ស បច្ចុប្បន្ននេះសញ្ញាបត្របញ្ជាក់ការសិក្សារបស់កម្ពុជា គឺមានតម្លៃជាសាកល និងទទួលស្គាល់ពីអន្តរជាតិ សម្រាប់និស្សិតប្រើប្រាស់បន្តការសិក្សានៅក្រៅប្រទេស ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជិត២ពាន់នាក់ នៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលបានចាត់ទុកការអប់រំឧត្តមសិក្សា ជាអនុវិស័យមួយដ៏មានសារសំខាន់ ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដើម្បីនាំកម្ពុជាឆ្ពោះទៅកាន់ប្រទេស ដែលមានចំណូលបធ្យមកម្រឹតខ្ពស់ និងជាប្រទេសអភិវឌ្ឍនាថ្ងៃអនាគត។
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញគោលនយោបាយ និងផែនការយុទ្ធសាស្រ្តដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំនៅគ្រប់ភូមិសិក្សា និងបណ្តុះបណ្តាលនៅគ្រប់កម្រឹតទាំងនៅគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ដើម្បីផ្តល់ចំណេះដឹង បំណិន ជំនាញ និងឥរិយាបថដល់សិស្ស និងនិស្សិត ឲ្យឆ្លើយតបទៅនឹងបរិបទអប់រំអាស៊ាន និងអន្តរជាតិ ដែលធានាឲ្យពួកគេអាចធ្វើការងារ និងរស់ក្នុងយុគ្គសម័យសាកលភាវូបនីយកម្ម និងសង្គមពុទ្ធិ ។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លើកបង្ហាញថា ៖ កម្ពុជាមានការអភិវឌ្ឍរីកចម្រើនខ្លាំងលើវិស័យអប់រំ បន្ទាប់ពីបានអនុវត្តកំណែទម្រង់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្នុងជំហាននៃការអភិវឌ្ឍនេះ បានធ្វើឱ្យអន្តរជាតិមានការទទួលស្គាល់ពីគុណភាពនៃការអប់រំនៅកម្ពុជា ។ ឯកឧត្តមរំលឹកថា ៖ កាលពីមុន និស្សិតខ្មែរដែលចេញទៅបន្តការសិក្សានៅបរទេស ពិតជាមានបញ្ហាប្រឈមខ្លាំង ដោយការមិនទទួលស្គាល់សញ្ញាបត្រដែលមិនមានគុណតម្លៃរបស់កម្ពុជា និស្សិតទាំងនោះត្រូវបានគេតម្រូវ ឲ្យរៀនឡើងវិញផងដែរ។ ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះ និស្សិតកម្ពុជាដែលបានទៅបន្តការសិក្សានៅបរទេស មិនមានជួបបញ្ហាប្រឈមដូចមុនទៀតឡើយ និស្សិតកម្ពុជាអាចបន្តការសិក្សានៅក្រៅប្រទេសបានដោយរលូន ដោយសារតែគុណភាពអប់រំរបស់កម្ពុជាត្រូវបានពង្រឹង ឆ្លើយតបបានទាំងស្តង់ដារជាតិ និងអន្តរជាតិ ។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ( លោក សៀន សុវណ្ណា ) បានលើកបង្ហាញអំពីការឆ្លើយតបជូនចំពោះរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាល និងការលើកទឹកចិត្តសម្រាប់វិស័យឯកជន វិនិយោគលើវិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពនៅកម្ពុជា ចាប់ពីកម្រិតមតេយ្យសិក្សាដល់កម្រឹតថ្នាក់ឧត្តមសិក្សា ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។ សាកលវិទ្យាល័យបានកំណត់ចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួនយ៉ាងច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយសមត្ថភាព និងមានឥរិយាបថល្អ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ ៕ធ.ដ
ដោយ ស៊ាន សុផាត