សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីនាំយកព្រះរាជអំណោយដ៏ថ្លៃថ្លា របស់សម្តេចព្រះមហាក្សត្រី ជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន១២០គ្រួសារ នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ៥រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ក្រុមការងារនាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា រួមជាមួយនឹងអំណោយរបស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន ដែលមានជីវភាពលំបាកចំនួន១២០គ្រួសារ រស់នៅភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ បាននាំនូវព្រះរាជបន្ទូលរបស់សម្តេចព្រះមហាក្សត្រី ផ្តាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ និងតែងតែគិតគូរពីការរស់នៅរបស់ប្រជានុរាស្ត្រ ដែលជាកូន ជាចៅ ចៅទួត របស់ព្រះអង្គ។ ជាមួយនឹងការគិតគូរនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ក៏សូមផ្តាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស បងប្អូន ក្មួយៗជាស្ត្រីមាន ផ្ទៃពោះ និងអ្នកដែល ទើបសម្រាលកូន ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាពឱ្យបានល្អ ពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ អនុវត្តន៍តាមការណែនាំរបស់គ្រូពេទ្យ និងត្រូវសម្រាលកូន នៅមណ្ឌលសុខភាព ដើម្បីសុវត្ថិភាព និងទប់ស្កាត់ការចម្លងជំងឺនានា។ ជាមួយគ្នានេះ សូមបំបៅកូនដោយទឹកដោះ ម្តាយយ៉ាងហោចណាស់ឱ្យបាន ៦ខែ ដំបូង និងផ្តល់អាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់។
បន្ថែមពីនេះ លោកជំទាវ អគ្គលេខាធិការរងទី ១ ក៏បាននាំនូវសេចក្តីអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋទាំងអស់ សូមបន្តខិតខំប្រកបរបរចិញ្ចឹមជីវិត ដោយក្តីរីករាយ និងចូលរួមថែរក្សា ការពារសុខសន្តិភាព ការពារ «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលជាបាវចនាជាតិដ៏រុងរឿង ហើយជៀសវាងរាល់ ការឃោសនា អគតិនានា ដែលបំផ្លាញសុភមង្គល ភាពសម្បូរសប្បាយ រុងរឿងរបស់ប្រជាជន និងប្រទេសជាតិយើង។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន សាប៊ូដុំ ៣ដុំ និងសាប៊ូទឹកបោកខោអាវ១ដប ជាព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំង អង្ករ៣០គីឡូក្រាម មីយើង ១កេស ត្រីខ១០កំប៉ុង និងឃីត (មុង ភួយ សារុង ក្រមា អាវយឺត ) ១ឃីត ជាអំណោយរបស់ កាកបាទក្រហមកម្ពុជា ៕ធ.ដ យោងផេកខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្តិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ដោយៈ គឹមសៀន)