សម្តេចប្រធានព្រឹទ្ធសភា ដឹកនាំប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសំណង់ និងមាន សំឡេងគាំទ្រ៥៧/៥៧

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសំណង់ដែលមានកូរ៉ុម សមាជិកសមាជិកាព្រឹទ្ធសភាចូលរួមប្រជុំ មានចំនួន៥៧រូប។

សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ដែលព្រឹទ្ធសភាបានអនុម័តនាថ្ងៃនេះ ជាសេចក្តីព្រាងច្បាប់មានសារសំខាន់ ដែលបានតាក់តែងឡើង នៅបរិបទដែលវិស័យសំណង់ កំពុងរីកចម្រើន និងជាសសរស្តម្ភមួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។ សេចក្តីព្រាងច្បាប់ស្តីពី សំណង់ មាន២២ជំពូក និង១១១មាត្រា មានសារ ប្រយោជន៍ ក្នុងការពង្រឹងការគ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការទំាងឡាយ ក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។

យោងតាមសេចក្តីថ្លែងរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងតម្រូវការយុទ្ធសាស្ត្រចតុកោណដំ ណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ការកសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩- ២០២៣ និងគោលនយោបាយជាតិស្តីពីការរៀបចំទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឲ្យរៀបចំច្បាប់ស្តីពីសំណង់នេះឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានវត្តមាននៅក្នុងឱកាសប្រជុំវិសាមញ្ញាព្រឹទ្ធសភា បានពន្យល់ដល់សមាជិកសមាជិកាព្រឹទ្ធសភា ដោយបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសំណង់នេះ មានសារសំខាន់ និងគោលបំណងពង្រឹងការគ្រប់គ្រង គ្រប់ភាគីពាក់ព័ន្ធ និងប្រតិបត្តិការងារទាំងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។

ចូលរួមពង្រឹងការគ្រប់គ្រង នគរូបនីយកម្ម ដោយអភិវឌ្ឍន៍ទីក្រុងឱ្យមានសោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខមាលភាពសាធារណៈ។ បង្កើនគណនេយភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងការងារ និងការងារប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់។ បង្កើនការជឿទុកចិត្តរបស់វិនិយោគិនក្នុងវិស័យសំណង់ ជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ចសង្គម។

សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុង ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។ បន្ទាប់ពី សមាជិកសមាជិកាព្រឹទ្ធសភា បានពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសំណង់រួចមកសម័យប្រជុំព្រឹទ្ធសភាបានអនុម័តគាំទ្រសេចក្តីព្រាងច្បាប់នេះដោយសំឡេង ៥៧/៥៧។ សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីសំណង់នេះផងដែរ ត្រូវបានរដ្ឋសភាពិភាក្សាអនុម័តកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ និងបានពិភាក្សាអនុម័តគាំទ្រចំនួន១០៦សំឡេង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner