សាលាអន្តរជាតិ ស៊ីអាយអេ ហ្វឺសត៍ ប្រារព្ធពិធីប្រគល់រង្វាន់ និងប័ណ្ណសរសើរ ដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សិស្សានុសិស្សនៃសាលាអន្តរជាតិ ស៊ីអាយអេ ហ្វឺសត៍ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រមាណ៥០នាក់ បានទទួលរង្វាន់ និងប័ណ្ណសរសើរពីថ្នាក់ដឹកនាំសាលានារសៀលថ្ងៃព្រហស្បតិ៍ត ទី១៧ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ។ ពិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកឧកញ៉ាបណ្ឌិត ត្រាំង លី ដែលជាប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិ ស៊ីអាយអេ ហ្វឺសត៍ និងលោក សំអាត ហ៊ីម ស្ព្រង់ ដែលជាអនុប្រធានក្រុមប្រឹក្សាភិបាល។ ក្នុងចំណោមសិស្សជ័យលាភីទាំង៤៩នាក់ មានសិស្សានុសិស្សចំនួន៣នាក់ ដែលទទួលបាននិទ្ទេស A ក្នុងនោះមានយុវសិស្ស ចាន់ វេងលាភ ចេង វសុធា និងអ៊ួង ច័ន្ទសិរី។

លោកឧកញ៉ាបណ្ឌិត ត្រាំង លី បានមានប្រសាសន៍ថា ចាប់តាំងពីពេលដែលសាលាបានបើកដំណើរការដំបូងរហូតមកដល់បច្ចុប្បន្ន សាលាបានជំរុញឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់ផ្នែកទាំងអស់ ដោយនៅក្នុងនោះ កម្មវិធីសិក្សាត្រូវបានអភិវឌ្ឍឥតឈប់ឈរ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរក្នុងស្រុក ក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតបានថ្លែងការកោតសរសើរ និងលើកទឹកចិត្ត ក៏ដូចជាផ្តល់អនុសាសន៍ដល់សិស្សានុសិស្សនៃសាលាអន្តរជាតិ ស៊ីអាយអេ ហ្វឺសត៍ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ឲ្យខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពនៃការសិក្សារបស់ខ្លួនបន្ថែមទៀត ក៏ដូចជាជ្រើសរើសនូវមុខជំនាញណាដែលខ្លួនស្រលាញ់ពេញចិត្តដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ពីព្រោះថា បើសម្រេចចិត្តជ្រើសរើសតាមមិត្តភក្តិ ឬដោយមិនច្បាស់លាស់ នោះនឹងធ្វើយើងខាតបង់ពេលវេលា ប្រាក់កាក់ និងមិនអាចចាប់យកឱកាសការងារល្អសម្រាប់ថ្ងៃអនាគតនោះទេ។

លោក ឃុន ចាន់នី ដែលជានាយកកម្មវិធីសិក្សាចំណេះទូទៅខ្មែរបានបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ លទ្ធផលក្នុងការប្រឡងថ្នាក់ជាតិរបស់សិស្សានុសិស្សយើងមានការរីកចម្រើនជាលំដាប់ តួយ៉ាង នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងទៅនេះ យើងមានសិស្សជាប់និទ្ទេសA និងB ច្រើនជាងឆ្នាំមុនៗ ហើយនេះជាលទ្ធផល ក៏ដូចជា ឧទាហរណ៍បង្ហាញពីការអភិវឌ្ឍឥតឈប់ឈរនៃគុណភាពអប់រំនៅសាលាអន្តរជាតិ ស៊ីអាយអេ ហ្វឺសត៍ ។ ជាមួយនឹងការរីកចម្រើននេះ នៅឆ្នាំ២០២០ខាងមុខ សាលានឹងដាក់ឱ្យដំណើរការទីតាំងអគារសិក្សាកម្រិតវិទ្យាល័យថ្មីមួយបន្ថែមទៀតនៅទិសខាងលិច ដែលមានចម្ងាយប្រមាណជា១,០០០ម៉ែត្រពីទីតាំងបច្ចុប្បន្ន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner