លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង

ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សឃុំស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមប្រធានគណបក្សខេត្តស្វាយរៀង ឯកឧត្តមលោកជំទាវ ក្រុមការងារគណបក្សចុះជួយ ឃុំ សង្កាត់ ក្នុងខេត្តស្វាយរៀង គណៈកម្មាធិការគណបក្សខេត្ត គណៈកម្មាធិការគណបក្ស ឃុំ សង្កាត់ ព្រមទាំងសមាជិក សមាជិកា យុវជន ជាង ៥.០០០នាក់ ។

សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ រយៈពេល ១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ។

ក្នុងពិធីនេះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រ គណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោតកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២០ ប្រព្រឹត្តបានយ៉ាងរលូន នៅក្នុងខេត្តស្វាយរៀង។

សូមបញ្ជាក់ថានៅខេត្តស្វាយរៀងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥មានចំនួន ៩ គណបក្សរួមមាន៖ទី១.គណបក្សប្រជាជនកម្ពុជា ទី២.គណបក្សភ្លើងទៀន ទី៣.គណបក្សហ៊្វុនស៊ិនប៉ិច ទី៤.គណបក្សខ្មែររួបរួមជាតិ ទី៥.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទី៦.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទី៧.គណបក្សយុវជនកម្ពុជា ទី៨.គណបក្សកម្ពុជានិយម ទី៩.គណបក្សសញ្ជាតិកម្ពុជា។

ក្នុងនោះគណបក្សដែលបានឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ មានបេក្ខជនឈរឈ្មោះច្រើនជាងគេក្នុងឃុំសង្កាត់ទាំង៨០ ឃុំ/សង្កាត់គឺគណបក្សប្រជាជនកម្ពុជាបានឈរឈ្មោះបេក្ខជន ៨០ ឃុំសង្កាត់, គណបក្សភ្លើងទៀនមានបេក្ខជនឈឈ្មោះ ៧៩ ឃុំ/សង្កាត់ ៕ ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner