ផ្ទុះអ៊ុកស៊ីហ្សែនឆាបឆេះរថយន្តសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យលោកសង្ឃអស់៣គ្រឿង របួសម្នាក់
រាជធានីភ្នំពេញ៖ មានអគ្គិភ័យមួយបានកើតឡើងធ្វើឲ្យអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាលក្នុងមន្ទីរពេទ្យលោកសង្ឃភ័យរត់ចេញមកក្រៅ ។ ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលា ម៉ោង៥ល្ងាចថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩ បង្កឡើងដោយការផ្ទុះហ្គាសអ៊ុកស៊ីហ្សែនរថយន្តសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមគ្រួពេទ្យបានធ្វើការប្តូរបំពង់ហ្គាសអ៊ុកស៊ីហ្សែនរថយន្តសង្គ្រោះបន្ទាន់ដើម្បីធ្វើការដឹកអ្នកជំងឺចេញពីមន្ទីរពេទ្យខាងលើ ។

បន្ទាប់ពីធ្វើការប្តូរហើយ ក្រុមគ្រូពេទ្យក៏ដើរចូលទៅក្នុងមន្ទីរពេទ្យ ដើម្បីយកអ្នកជម្ងឺ មកលើរថយន្ត តែមិនទាន់បាននាំអ្នកជំងឺឡើងលើរថយន្តផង ក៏ស្រាប់តែផ្ទុះបំពង់ហ្គាស អ៊ុកស៊ីហ្សែន បង្កឲ្យមានអណ្តាតភ្លើងឆាបឆេះរថយន្តតែម្តងទៅ ។

ភ្លាមៗនោះក៏មានរថយន្តពន្លត់អគ្គិភ័យមកធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរហើយ ក្នុងហេតុការណ៍វនេះបណ្ដាលឲ្យតៃកុងរថយន្ដរងរបួសម្នាក់ និងខូចខាតរថយន្តសង្គ្រោះបន្ទាន់ចំនួន៣គ្រឿង ៕ធ.ដ



