ឯកឧត្តម កែប ជុតិមា ដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សា-សង្កាត់ អាណត្តិទី៥ នៅគណកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ
ភ្នំពេញ ៖ ឯកឧត្តម កែប ជុតិមា ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំសមាជិក សមាជិកា ដង្ហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សា-សង្កាត់ អាណត្តិទី៥ នៅគណកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។
ក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបឆន្ទៈលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាបក្សខណ្ឌដង្កោទាំងអស់ ដែលបានយកអស់កម្លាំងកាយ ចិត្ត ចុះឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ឃុំសង្កាត់២០២២-២០២៧ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ។
ឯកឧត្តម កែប ជុតិមា បានបន្តថា ឈរលើមូលដ្ឋានស្នាដៃ និងសមិទ្ធផលជាច្រើន ដែលបានកសាងក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតំណាងឱ្យភាពរុងរឿង, ភាពត្រជាក់ជុំ រួបរួម ផ្សះផ្សាជាតិ និងការអភិវឌ្ឍរីកចម្រើន ដោយខុសផ្ទុយស្រឡះពីការធ្វើនយោបាយបែបប្រជាភិថុតិ ដែលនាំមកនូវសង្គ្រាមបែកបាក់, ការរើសអើង, ការបំផ្លិចបំផ្លាញ និងភាពអន់ថយ ដូចអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចមកហើយ ក្នុងប្រវត្តិអតីតកាលដ៏ជូរចត់។
ឯកឧត្តមប្រធានក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យពិនិត្យ និងរក្សាអត្ថសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ឱ្យបានល្អប្រសើរ។ នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ត្រូវអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូប ទេវតាបាចផ្កាជាសញ្ញាសម្គាល់ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំ ហើយថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ រួមទាំងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាបន្តបន្ទាប់ទៀត ។
សូមបញ្ជាក់ថា ៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញបានឲ្យដឹងថា រាជធានីភ្នំពេញមាន ចំនួនអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការមានចំនួន៨៩៩.៦៨៨នាក់,ចំនួនការរិយាល័យបោះឆ្នោតសរុបមាន២.១៩៧ការិយាល័យ,ចំនួនទីតាំងការិយាល័យបោះឆ្នោតមាន២៦៥ទីតាំង,ចំនួនការិយាល័យសង់រោងតាមផ្លូវ ឬទីសាធារណៈមាន ៦៨៩ការិយាល័យ,ចំនួនការិយាល័យទោលមានចំនួន៨សង្កាត់ មាន១៩ការិយាល័យ។
គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ មានចំនួន១១គណបក្សសំរាប់ នៅរាជធានីភ្នំពេញក្នុងចំណោម១៧គណបក្សដែលបានចូលរួមបោះឆ្នោតនៅទូទាំងប្រទេស ៕ ដោយ / គ្រី សម្បត្តិ






