លោក ហ្សេលេនស្គី រំពឹងថា នឹងទទួលបានអាវុធបន្ថែមពីសម្ព័ន្ធមិត្ត ចំពេលសមរភូមិភាគខាងកើតអ៊ុយក្រែនកាន់តែក្តៅគគុក
កៀវ៖ អ៊ុយក្រែនរំពឹងថា ខ្លួននឹងបានទទួលសព្វាវុធបន្ថែមទៀតពីសម្ព័ន្ធមិត្ត ក្រោយសហរដ្ឋអាមេរិកសន្យាផ្តល់ជំនួយយោធាថ្មីដល់ទីក្រុងកៀវ ខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា សមរភូមិភាគខាងកើតអ៊ុយក្រែនបានឆាបឆេះយ៉ាងខ្លាំងអស់រយៈពេល ១០០ថ្ងៃមកហើយ នៃការឈ្លានពានរបស់រុស្សី ។
លោក ហ្សេលេនស្គី បានបញ្ជាក់ថា គិតមកទល់ពេលនេះ កងទ័ពរុស្សីបានកាន់កាប់ទឹកដីរបស់អ៊ុយក្រែនប្រហែលជា២០%ហើយ លោកថា ការកាន់កាប់ជាបណ្តោះអាសន្ននៃទឹកដីទាំងស្រុងនៃរដ្ឋរបស់យើង ឥឡូវនេះបានក្លាយទៅជាតំបន់ដែលខ្ទេចខ្ទាំស្ទើរតែទាំងមូល ដែលជាការទទួលខុសត្រូវរបស់រុស្សី។
ប្រធានាធិបតីរុស្ស៊ីរូបនេះថ្លែងនៅក្នុងសុន្ទរកថានៅក្នុងពេលយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា យើងកំពុងតែរំពឹងអំពីដំណឹងល្អលើការផ្គត់ផ្គង់សព្វាវុធពីដៃគូរដ៏ទៃទៀត… យើងកំពុងតែធ្វើការដើម្បីនាំយកមកនូវសព្វាវុធនៃប្រព័ន្ធប្រយុទ្ធទំនើប ដែលមានកំរិតយ៉ាងខ្ពស់។
គួរបញ្ជាក់ថា កងទ័ពលោក ពូទីន កំពុងតែផ្តោតទៅលើតំបន់ឧស្សាហកម្មដុនបាស់ ដែលមានខេត្តចំនួនពីរ គឺលូហាន់ក៍ និងដូណេតក៍ ក្នុងក្តីសង្ឃឹមថា នឹងបានទទួលជ័យជំនះដែលនឹងលើកមុខមាត់របស់ខ្លួន៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា



