ប្រមុខប៉ូលិសអាំងទែប៉ូល ព្រមានថា សព្វាវុធដែលលោកខាងលិចប្រគល់ឱ្យអ៊ុយក្រែន អាចនឹងត្រូវបញ្ចប់នៅក្នុងដៃឧក្រិដ្ឋជន
កៀវ ៖ អគ្គលេខាធិការស្ថាប័នប៉ូលិសព្រហ្មទ័ណ្ឌអន្តរជាតិ (អាំងទែប៉ូល) លោក ជូជេន ស្តុក នៅថ្ងៃពុធសប្តាហ៍នេះ បានព្រមានថា សព្វាវុធដែលសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តនៅអឺរ៉ុប និងប្រទេសដទៃទៀត បញ្ជូនទៅកាន់អ៊ុយក្រែន ទំនងជានឹងបញ្ចប់នៅក្នុងទីផ្សារងងឹតរបស់ពិភពលោក ។
មន្ត្រីបានប្រាប់សមាគមសារព័ត៌មាន Anglo-American ក្នុងទីក្រុងប៉ារីស ថា ក្រុមឧក្រិដ្ឋជនជាច្រើនបានសម្លឹងមើលឃើញអាវុធទាំងនេះរួចហើយ។ ទន្ទឹមគ្នា លោក ស្តុក បានជំរុញឱ្យរដ្ឋជាសមាជិកស្ថាប័នប៉ូលិសអាំងទែប៉ូលសហការយ៉ាងសកម្មក្នុងការតាមដានអាវុធដែលបានប្រគល់ឱ្យអ៊ុយក្រែន ហើយថា អ្នកដែលផ្គត់ផ្គង់អាវុធគួរតែដើរតួយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។
លោក ស្តុក បន្ថែមថា ក្រុមឧក្រិដ្ឋជននឹងព្យាយាមកេងចំណេញពីស្ថានភាពដ៏វឹកវរទាំងនេះ ដើម្បីទទួលបានអាវុធរបស់ពួកគេ ដោយលោកព្រមានថា គ្មានប្រទេស ឬតំបន់ណាមួយអាចដោះស្រាយជាមួយវាដោយឯកោបានទេ ពីព្រោះក្រុមទាំងនេះដំណើរការនៅកម្រិតពិភពលោក។
ប្រមុខស្ថាប័នប៉ូលិសអន្តរជាតិរូបនេះបានសង្កត់ធ្ងន់ទៀតថា អឺរ៉ុបអាចនឹងឃើញលំហូរចូលអាវុធខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់។ ទន្ទឹមគ្នា លោកបានអំពាវនាវឱ្យមានការបង្កើតប្រព័ន្ធតាមដាន សម្រាប់សព្វាវុធដែលបានបញ្ជូនទៅកាន់អ៊ុយក្រែន ហើយថា ពួកគេ (ក្រុមឧក្រិដ្ឋជន) កំពុងទាក់ទងជាមួយប្រទេសសមាជិក ដើម្បីលើកទឹកចិត្តឱ្យពួកគេប្រើសម្ភារៈយោធាទាំងនេះ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា



