ប្រធានាធិបតីហុងគ្រី ប្រកាសជំហប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា នឹងនៅតែបន្តគាំទ្រដល់ប្រទេសកម្ពុជា ប្រឆាំងការដក EBA
ប៊ុយដាប៉េស,ហុងគ្រី៖ ឯ,ឧ Janos Ader ប្រធានាធិបតីហុងគ្រី បានប្រកាសជំហរថា រដ្ឋាភិបាលហុងគ្រី ក្នុងនាមជាសមាជិកអឺរ៉ុប នឹងនៅតែបន្តគាំទ្រដល់ប្រទេសកម្ពុជា ហើយប្រឆាំងចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ពីប្រទេសកម្ពុជា។ ការប្រកាសជំហរនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ឯ,ឧ ប្រធានាធិបតីហុងគ្រី នៅប្រទេសហុងគ្រី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ។
ឯ,ឧ កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងអំពីលទ្ធផលនៃជំនួបនេះថា ឯកឧត្តមប្រធានាធិបតីហុងគ្រី
បានមានប្រសាសន៍ថា ឯកឧត្តមពិតជាអរគុណចំពោះការអញ្ជើញឯកឧត្តមពីព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអញ្ជើញឯកឧត្តមទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយឯកឧត្តម ពិតជារីករាយក្នុងការទទួលនៅការអញ្ជើញនោះ។ ឯកឧត្តមបានមានប្រសាសន៍ថា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅក្នុងចុងខែតុលាខាងមុខនេះ។ ឯកឧត្តមក៏បានមានប្រសាសន៍ថា ឯកឧត្តមបានស្ដាប់ដោយយកចិត្តទុកដាក់នូវសង្កថារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីព្រឹកមិញនៃកិច្ចប្រជុំកំពូលស្ដីពីទឹក ដែលធ្វើឡើងនៅប្រទេសហុងគ្រីនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះឯកឧត្តមប្រធានាធិបតីហុងគ្រី និងអរគុណដល់រដ្ឋាភិបាលហុងគ្រីដែលបានអញ្ជើញសម្ដេចមកចូលរួមនៅក្នុងកិច្ចប្រជុំស្ដីអំពីបញ្ហាទឹកនៅប្រទេសហុងគ្រីនាពេលនេះ។ ក្នុងជំនួបនោះផងដែរ សម្តេចតេជោក៏បានពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីហុងគ្រីទាក់ទងទៅនឹងបញ្ហានៃការគ្រប់គ្រងទឹកផងដែរ ដែលជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងកាលពីព្រឹកមិញនេះ។ សម្ដេចតេជោក៏បានគូសបញ្ជាក់ថា ដោយសារតែបញ្ហាទឹកនេះគឺជាបញ្ហាសំខាន់មួយរបស់ប្រទេសកម្ពុជា ហើយកាលពីពេលថ្មីៗកន្លងទៅនេះ កម្ពុជាក៏បានបាត់បង់នូវអគ្គិសនីប្រើប្រាស់ដោយសារតែបញ្ហានៃការខ្វះទឹកនេះផងដែរ ជាពិសេសវារីអគ្គិសនីដែលយើងមិនមានទឹកគ្រប់គ្រាន់ក្នុងការបញ្ចេញនូវថាមពលអគ្គិសនី។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការជាមួយនឹងហុងគ្រីផងដែរ ជាពិសេសនៅក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីហុងគ្រីទៅកាន់ប្រទេសកម្ពុជានាពេលខាងមុខ ។ ហើយសម្ដេចបានមានប្រសាសន៍បញ្ជាក់ថា នៅពេលនោះឯកឧត្តមនឹងបានឃើញជាក់ស្ដែងនូវស្ថានភាពរបស់ប្រទេសកម្ពុជា ដូចជាបានទៅទស្សនានូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាគឺប្រាសាទអង្គរវត្ត។
នៅក្នុងជំនួបនេះ សម្ដេចតេជោក៏បានលើកឡើងអំពីចំណុចពាក់ព័ន្ធទៅនឹងរឿង EBA ផងដែរ ដោយសម្ដេចបានស្នើឱ្យឯកឧត្តមប្រធានាធិបតីបន្តគាំទ្រដល់កម្ពុជា ជាមួយនឹងសហភាពអឺរ៉ុប ហើយអ្វីដែលដែលកម្ពុជាចង់បាននោះ គឺចង់ឲ្យសហភាពអឺរ៉ុបមានដំណើរការ និងប្រព្រឹត្តទៅដោយយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា។ ក្នុងចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូបញ្ជាក់ពីចំណុចសំខាន់នៃការកសាងភាពជាដៃគូយុទ្ធសាស្ត្ររវាងសហភាពអឺរ៉ុប និងអាស៊ានផងដែរ។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសហុងគ្រី ដែលបច្ចុប្បន្ននេះគឺមានចំនួន៣៨
នាក់ដែលពួកគេបាន និងកំពុងបន្ត និងខ្លះបញ្ចប់ការសិក្សា។
ឯកឧត្តមប្រធានាធិបតីហុងគ្រី បានមានប្រសាសន៍ថា ហុងគ្រី គឺជាមិត្តមួយរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា រដ្ឋាភិបាលហុងគ្រីនៅតែបន្តគាំទ្រដល់កម្ពុជា ជាពិសេសការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ហើយជាពិសេសទាក់ទងទៅនឹងបញ្ហា EBA នេះហុងគ្រី នឹងបន្តគាំទ្រដល់កម្ពុជាជាបន្តទៀត។ ហើយទាក់ទងទៅនឹងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជានោះ ឯកឧត្ដមប្រធានាធិបតី ហុងគ្រី នឹងបន្តស្វាគមន៍ដល់និស្សិតកម្ពុជាជាបន្តទៀតដើម្បីមកសិក្សានៅប្រទេសហុងគ្រីជាបន្តបន្ទាប់ទៀតបន្ទាប់ទៀត។
ទាក់ទងទៅនឹងកិច្ចប្រជុំស្ដីអំពីបញ្ហាទឹក ឯកឧត្តមប្រធានាធិបតីហុងគ្រី ពិតជាអរគុណជាអនេកចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចែករំលែកនូវបទពិសោធន៍ ដូចជាស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ហើយឯកឧត្តមសង្ឃឹមថា នៅពេលដែលឯកឧត្តមអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម នឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការជជែកពិភាក្សាជាមួយសម្ដេចតេជោ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕






