សម្តេចតេជោ ហ៊ុន សែន ប្រាប់អង្គការ UNIDO ថា រាជរដ្ឋាភិបាល ត្រូវការថវិកាប្រមាណ ១៥០លាន ដុល្លារ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ
ប៊ុយដាប៉េស,ហុងគ្រី៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ត្រូវការថវិកាប្រមាណ ១៥០លានដុល្លារ ដើម្បីធ្វើផ្លូវ និងប្រព័ន្ធលូនៅក្នុងខេត្តព្រះសីហនុនាពេលខាងមុខ ។
សម្តេចតេជោបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ព្រោះរាជរដ្ឋាភិបាល ចង់ប្រែក្លាយខេត្តព្រះសីហនុ ឲ្យទៅជាខេត្តមួយដ៏សំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។ នេះបើយោងតាមឯ,ឧ កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ។
ការបញ្ជាក់នេះ ធ្វើឡើងក្រោយចប់ជំនួបពិភក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯ,ឧ Li Yong (លី យ៉ុង) អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី ។
ឯ,ឧ កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងទៀតថា ឯ,ឧ លី យ៉ុង បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ឯ,ឧ ពិតជាមានកិត្តិយស ដែលបានជួបសម្តេចតេជោនៅពេលនេះ ដែលជាឱកាសដែលអាចសម្តែងការគោរព និងសម្តែងការគួរសមដល់ សម្តេចតេជោនាយករដ្ឋមន្ត្រី។
ឯ,ឧ ក៏បានរាយការណ៍ជូនសម្តេចតេជោថា ឯ,ឧ បានជួបជាមួយអភិបាលនៃទីក្រុងសិនជិន ប្រទេសចិន ហើយទីក្រុងសិនជិន ចង់សហការជាពិសេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគម្រោងថ្មី នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ឯ,ឧ បានកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន និងគាំទ្រដល់ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជាលើគម្រោងផ្សេងៗដែលបានសហការជាមួយគ្នា។
នៅក្នុងជំនួបនោះ ឯ,ឧ បានសុំការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថាតើអង្គការ UNIDO អាចបន្តជួយអ្វីខ្លះទៀតដល់ប្រទេសកម្ពុជា ។
សម្តេចតេជោ ក៏បានអរគុណដល់អគ្គនាយកអង្គការ UNIDO ដែលបច្ចុប្បន្នអង្គការនេះ មានដៃគូជាច្រើន រួមទាំងដៃគូនៅប្រទេសកម្ពុជាផងដែរ ។ ថ្វីត្បិត អង្គការនេះ មានដៃគូច្រើនតែអ្វីដែលសំខាន់ សម្តេចស្នើឲ្យអង្គការនេះ ជួយទៅលើគោលនយោបាយពីរដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្ត ទុកដាក់ដែលទី១៖ ធ្វើយ៉ាងណាជួយអភិវឌ្ឍន៍គោលនយោបាយផលិតកម្មអង្ករដើម្បីនាំចេញ និង ទី២៖ អនុវត្តន៍គោលនយោបាយឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ ហើយអង្គការ UNIDO ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយនេះ។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ ដែលជាខេត្តសំខាន់ និងជាខេត្តដែលកំពុងតែត្រូវការការគាំទ្រ ដោយសារតែខេត្តនេះកំពុងឆ្លងកាត់ការអភិវឌ្ឍ ជាពិសេស ទៅលើវិស័យសេវាផ្សេងៗទៀត ដោយសារកន្លងមកនេះខេត្តព្រះសីហនុបានរងគ្រោះដោយសារគ្រោះទឹកជំនន់និងមានការ អភិវឌ្ឍដ៏ឆាប់រហ័សផងធ្វើឲ្យតម្រូវការចាំបាច់គឺការគ្រប់គ្រងនៃទឹកកខ្វក់និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុនេះ។
សម្តេចតេជោក៏បានស្នើឲ្យអង្គការ UNIDO បន្តជួយដល់គម្រោងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។ សម្តេចបញ្ជាក់ថា នៅពេលនេះ ចំនួននៃការសាង សង់នៅខេត្តព្រះសីហនុមានច្រើនឡើងៗដូច្នេះតម្រូវការរបស់កម្ពុជាត្រូវតែផ្តល់អាទិភាពជាពិសេសមិនត្រឹមតែការគ្រប់គ្រងទឹកកខ្វក់ទេគឺវិស័យអគ្គិសនីផងដែរដែលកំពុងមានតម្រូវការកាន់តែច្រើននេះ។
ឯ,ឧ អគ្គនាយកនៃអង្គការ UNIDO បានជម្រាបជូនសម្តេចតេជោផងដែរថា ឯ,ឧ ពិតជារីករាយណាស់ដែលកម្ពុជាកំពុងមានការអភិវឌ្ឍនិងមានផែនការនៃគម្រោងទាំងឡាយ ដែលនេះជាស្ថានភាពដែលប្រទេសកម្ពុជា កំពុងតែមានកំណើនជាច្រើន ហើយតម្រូវការក៏កើនឡើងលើវិស័យអគ្គិសនី ការគ្រប់គ្រងទឹកកខ្វក់ ជាពិសេស ការជំរុញនយោបាយឧស្សាហកម្ម ក៏ដូចជាការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច។
ឯ,ឧ គ្រោងធ្វើទស្សកិច្ចនៅកម្ពុជានៅឆ្នាំក្រោយនិងចង់ធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុហើយលោក សន្យានឹងជំរុញឲ្យមានការគាំទ្រពីប្រទេសចិនពិសេសពីខេត្តសិនជិនតែម្តងដើម្បីផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍកម្ពុជា។ ឯ,ឧ បានសន្យានឹងជួយជំរុញឲ្យធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ីដើម្បីគាំទ្រគម្រោងនៅប្រទេសកម្ពុជា ។ ឯ,ឧ បានបញ្ជាក់ទៀតថា អង្គការ UNIDO អាចដើរតួនាទីក្នុងការសម្រប សម្រួលជួយដល់កម្ពុជាព្រោះតែកម្ពុជាត្រូវការកសាងនូវព្រលានយន្តហោះផ្លូវល្បឿនលឿន ផ្លូវដែក ដែលទាំងនេះមានសារសំខាន់ក្នុងការអភិវឌ្ឍកម្ពុជា ។ ឯ,ឧ បញ្ជាក់ថា អង្គការ UNIDO មានថាមពល ក្នុងការបន្តជួយដល់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រៀបធៀបថាខេត្តព្រះសីហនុជាខេត្តមួយសំខាន់ប្រៀបដូចជាបុប្ផាលាក់ខ្លួនដែលជាខេត្តកំពង់មានសក្តានុពលខ្លាំង និងកំពុងតែជំរុញការអភិវឌ្ឍហើយអ្វីដែលខេត្តសិនជិនគ្មានគឺខេត្តព្រះសីហនុមានជាពិសេសបណ្តាកោះនិងបណ្តារីស៊តថ្មីៗដែលអាចទាក់ទាញនូវទេសចរណ៍សំខាន់ៗ៕




