ឯកឧត្តម សាយ សំអាល់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ក្នុងការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩
ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ សមាជិក គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ នារសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងារ គណបក្ស ចុះ ជួយខេត្ត ស្រុក ឃុំ និងសមាជិក សមាជិកាគណបក្សជា ច្រើន ពាន់នាក់។
មានមតិសំណេះសំណាលទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាសមាជិក សមាជិកាគណបក្សទាំងអស់ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ដូចដែលប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមាន ប្រសាសន៍ថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ទាំងអស់របស់គ ណបក្សនូវទូទាំងប្រទេស បានពុះពារលះបង់គ្រប់សព្វបែបយ៉ាង ហើយបានបំពេញបេសកកម្មដ៏ក៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ឯកឧត្តមសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយស្រោចវ៉ាក់សាំង ដោយ មានប្រសិទ្ធភាពខ្ពស់ ដែលបណ្តាលឱ្យកម្ពុជាកាត់ បន្ថយនូវការឆ្លង និងការបាត់បងជីវិតរបស់ប្រជាជន និងបានអនុញ្ញាតឱ្យប្រទេស របស់យើងនេះ បើកដំណើរការឡើងវិញ ទៅតាមប្រក្រតីភាពសង្គម-សេដ្ឋកិច្ចរបស់យើង។ នេះគឺជាមោទនភាព ហើយក៏ជាអ្វីដែល គណបក្សប្រជាជនកម្ពុជាបានធ្វើ និងបាននាំប្រទេសឆ្លងកាត់ នូវឧបសគ្គចុងក្រោយនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារ បានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា មន្ត្រីគណបក្ស សកម្មជនទាំងអស់ ដែលបានពុះពារ លះបង់កម្លាំង កាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួន ធ្វើឱ្យយុទ្ធនាការឃោសនា បោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយរលូន ក្នុងបុព្វហេតុបក្ស និងប្រជាជន។ ជាពិសេសឯកឧត្តម សូមកោតសរសើរដល់ អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ.ជ.ប ដែលបានធានានូវដំណើរការរៀបចំយុទ្ធនាការបោះឆ្នោត បង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង មិនត្រឹមឱ្យតែ គណបក្ស ប្រជាជនកម្ពុជាមួយទេ គឺគ្រប់គណបក្សនយោបាយ ទាំងអស់ ដែលបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងរយៈ ពេល១៤ថ្ងៃនេះ។ ទាំងនេះ គឺដោយសារស្រុកយើង មានសន្តិភាព ទើបយើងអាចដំណើរការនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នោះគឺ ការបោះឆ្នោត។
គួរបញ្ជាក់ថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មាន រយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ ថ្ងៃទី០៣ ខែមិថុនា ហើយរាល់សកម្មភាព ឃោសនា ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំង សេចក្ដីណែនាំ របស់ គ . ជ . ប ។ នៅថ្ងៃទី០៥ ខែមិថុនា គឺជាថ្ងៃបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលមានគណបក្សនយោបាយ ចំនួន១៧ បានដាក់បេក្ខជនឈរឈ្មោះចូលរួមប្រកួតប្រជែង៕
ដោយ ៖គ្រី សម្បត្តិ



