លោក ចូ បៃដិន ទម្លាក់កំហុសលើរុស្ស៊ី ចំពេលដែលសហរដ្ឋអាមេរិកប្រឈមមុខ នឹងកង្វះអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្តីបន្ទោសលើរុស្ស៊ីចំពោះការបង្កឱ្យមានវិបត្តិផ្សេងៗ ដោយលោកបាននិយាយថា សហរដ្ឋអាមេរិកប្រហែលជាមិនអាចផលិតអគ្គិសនីគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់បានទេ ដោយសារវិបត្តិជម្លោះកំពុងបន្តនៅអ៊ុយក្រែន។
នៅក្នុងសេចក្តីប្រកាសអាសន្នរបស់ខ្លួន ប្រធានាធិបតីអាមេរិករូបនេះបានស្តីបន្ទោសរុស្ស៊ីចំពោះតម្លៃប្រេងឡើងខ្ពស់បំផុតនៅសហរដ្ឋអាមេរិក និងការកើនឡើងនៃអតិផរណាដល់កម្រិតខ្ពស់រយៈពេល ៤០ឆ្នាំ ខណៈដែលលោកក៏បានចាត់ទុកវិបត្តិស្បៀងអាហារពិភពលោកដែលកំពុងកើតឡើង ក៏ដោយសារតែជម្លោះរុស្ស៊ី និងអ៊ុយក្រែនផងដែរ។
លោក ចូ បៃដិន បានបញ្ជាក់យ៉ាងដូច្នេះថា កត្តាជាច្រើនកំពុងគំរាមកំហែងដល់សមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានការរំខាននៃទីផ្សារថាមពលដែលបណ្តាលមកពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដោយសារតែការប្រែប្រួលអាកាសធាតុ។
ការប្រកាសអាសន្នរបស់លោក បៃដិន ក៏រួមមានការលើកលែងពន្ធលើបន្ទះស្រូបពន្លឺព្រះអាទិត្យរយៈពេល ២ឆ្នាំពីប្រទេសចំនួន ៤នៅអាស៊ីអាគ្នេយ៍។ ពន្ធដែលបានស្នើឡើងនេះ ត្រូវបានស្តីបន្ទោសចំពោះការពន្យារពេលគម្រោងថាមពលព្រះអាទិត្យសំខាន់ៗនៅអាមេរិក ខណៈប្រហែល ៣ ភាគ ៤ នៃបន្ទះថាមពលពន្លឺព្រះអាទិត្យ ដែលបានដំឡើងនៅសហរដ្ឋអាមេរិកត្រូវបាននាំចូលពីអាស៊ីអាគ្នេយ៍៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា




