ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវឱ្យមានច្រករបៀងសមុទ្រសុវត្ថិភាព ដើម្បីនាំចេញគ្រាប់ធញ្ញជាតិ

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ព្រមានថា ការបិទច្រករបស់រុស្ស៊ីនៅភាគខាងត្បូងអ៊ុយក្រែន អាចនឹងរារាំងប្រទេសខ្លួនពីការនាំចេញគ្រាប់ធញ្ញជាតិ ៧៥លានតោននៅរដូវស្លឹកឈើជ្រុះ។

លោក ហ្សេលេនស្គី បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកៀវ នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា គ្រាប់ធញ្ញជាតិប្រហែលពី ២២ ទៅ ២៥លានតោនត្រូវបានរារាំងរួចហើយពីការនាំចេញ។ លោកថា បរិមាណនេះអាចនឹងកើនឡើងដល់ ៧៥លានតោននៅរដូវស្លឹកឈើជ្រុះ។ លោក ហ្សេលេនស្គី បន្តថា អ៊ុយក្រែនត្រូវការច្រករបៀងសុវត្ថិភាពសម្រាប់នាវាដឹកទំនិញ ហើយថា រដ្ឋាភិបាលរបស់លោកបានពិភាក្សារឿងនេះជាមួយអង់គ្លេស និងតួកគីលើវិធីសាស្រ្តដើម្បីធានាការនាំចេញ។

ជាការឆ្លើយតបនោះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបដិសេធការអះអាងរបស់អ៊ុយក្រែន ដែលថា រុស្ស៊ីកំពុងរារាំងការដឹកជញ្ជូន។ លោកបាននិយាយអំពីបញ្ហានេះ កាលពីថ្ងៃសុក្រសប្តាហ៍មុន តាមកញ្ចក់ទូរទស្សន៍រដ្ឋ។

លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីនឹងធានាឱ្យមានច្រកចេញដោយគ្មានបញ្ហាពីកំពង់ផែនៅលើសមុទ្រ Azov ដែលខ្លួនគ្រប់គ្រង និងធានាការឆ្លងកាត់ដោយសន្តិវិធីនៃនាវាទៅកាន់ដែនទឹកអន្តរជាតិ។ លោកថា បញ្ហានៃការដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញពីអ៊ុយក្រែនពិតជាមិនមានទេ។

គួរបញ្ជាក់ថា អ៊ុយក្រែនជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់ ហើយកង្វះការនាំចេញដោយសារតែការឈ្លានពានរបស់រុស្ស៊ី កំពុងបង្កើនការព្រួយបារម្ភនៃកង្វះខាតជាសកល៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner