សហភាពអឺរ៉ុបស្តីបន្ទោសរុស្ស៊ីពាក់ព័ន្ធនឹងវិបត្តិស្បៀងអាហារសកល
យូអិន៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក វ៉ាសស៊ីលី ណេបិនហ្សា បានដើរចេញពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បន្ទាប់ពីប្រធានក្រុមប្រឹក្សាអឺរ៉ុបបានស្តីបន្ទោសចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបង្កឱ្យមានវិបត្តិស្បៀងអាហារពិភពលោក។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីសែល បានចោទប្រកាន់រុស្ស៊ីថា កំពុងប្រើប្រាស់ការផ្គត់ផ្គង់ស្បៀងអាហារជា មីស៊ីលបំបាំងកាយប្រឆាំងនឹងប្រទេសកំពុងអភិវឌ្ឍន៍ ហើយបានស្តីបន្ទោសវិមានក្រឹមឡាំង ចំពោះវិបត្តិស្បៀងអាហារពិភពលោកដែលកំពុងលេចឡើង។
លោក មីសែល បន្តថា លោកបានឃើញគ្រាប់ធញ្ញជាតិ និងស្រូវសាលីរាប់លានតោនជាប់គាំងនៅក្នុងកុងតឺន័រនិងកប៉ាល់នៅឯកំពង់ផែអូដេសសា (Odessa) របស់អ៊ុយក្រែនកាលពីប៉ុន្មានសប្តាហ៍មុន។ លោកថា នោះគឺជាដោយសារតែនាវាចម្បាំងរុស្ស៊ីនៅក្នុងសមុទ្រខ្មៅ និងការវាយប្រហាររបស់ទីក្រុងម៉ូស្គូ លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកន្លែងស្តុកគ្រាប់ធញ្ញជាតិ ព្រមទាំងរថក្រោះ គ្រាប់បែក និងមីន ដែលបានរារាំងអ៊ុយក្រែនពីការដាំដុះ និងការប្រមូលផល។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះបានសង្កត់ធ្ងន់ថា ប្រការនេះកំពុងរុញច្រានឱ្យតម្លៃស្បៀងអាហារកើនឡើង, រុញច្រានឱ្យមនុស្សធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងធ្វើឱ្យតំបន់ទាំងមូលមានអស្ថិរភាព។ លោកថា រុស្ស៊ីគឺជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះវិបត្តិស្បៀងអាហារដែលកំពុងកើនឡើងនេះ គឺរុស្ស៊ីតែម្នាក់ឯងប៉ុណ្ណោះ៕ ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និងបុត្រា





