ឯកឧត្តម អ៊ាង សុផល្លែត ៖ ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន តម្លាភាព យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយស្រុកអូររាំងឪ ទទួលបានជ័យជម្នះទាំងប្រាំពីរឃុំ ដែលពីមុនមកមិនធ្លាប់មាន
ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បាន ប្រព្រឹត្តទៅដោយរលូន តម្លាភាព យុត្តិធម៌ និងគ្មានអំពើហិង្សា។ លទ្ធផលជាបឋម ស្រុកអូររាំងឪ ទទួលបានជ័យជម្នះទាំងប្រាំពីរឃុំ ដែល ពីមុនមកមិនធ្លាប់មាន ជាមួយនឹងសំឡេងគាំទ្រកើនឡើង ៧៨១០សំឡេង។ នេះសបញ្ជាក់ឱ្យឃើញនូវទំនុកចិត្តដែលប្រជាជន នៅស្រុកអូររាំងឪ ផ្តល់ជូនគណបក្សប្រជាជនដើម្បីបន្តរបម្រើគាត់ ទៀត។
ជាការដឹងគុណ ឯកឧត្តម អ៊ាង សុផល្លែត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតផងដែរជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគណបក្សចុះជួយស្រុកអូររាំងឪ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សស្រុក គណបក្សមូលដ្ឋាន លោក លោកស្រីក្រុមប្រឹក្សាឃុំ សាខាឃុំ សាខាបក្ស ក្រុមជនបង្គោល យុជនបក្ស យុវជនសសយក អ្នកសង្កេតការណ៍ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចំណាយទាំងកម្លាំងកាយ ចិត្ត និងធនធាន ចូលរួមចំណែកជំរុញឱ្យដំណើរការបោះឆ្នោតខាងលើប្រព្រឹត្តទៅបានល្អ និងទទួលបានលទ្ធផលជាទីមោទនៈបំផុត ៕ ដោយ / គ្រី សម្បត្តិ









