កីឡាករ ង៉ែត តុលា បានប្តេជ្ញាចិត្តប្រឹងប្រែងហ្វឹកហាត់ នឹងជម្រុញឲ្យមិត្តរួមក្រុមពង្រឹងសមត្ថភាពរៀងៗខ្លួន ដើម្បីឈានទៅដណ្តើមមេដាយមាស ស៊ីហ្គេម ឆ្នាំ២០២៣
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ជោគជ័យខ្លាំងក្រោយដណ្តើមបានមេដាយ៤គ្រឿងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្នុងនោះមេដាយប្រាក់៣ និងសំរិទ្ធ១គ្រឿង ជូនកម្ពុជា ។ កីឡាករ ង៉ែត តុលា គឺជាបេក្ខភាពម្នាក់ ក្នុងចំណោម៥នាក់លេងវិញ្ញាសាជាក្រុម មានកីឡាករ ហាស់ សុខហ៊ ,កីឡាករ ត្រន ប៊ុនធឿន , កីឡាករ ជឿន ចាន់បូរី និងកីឡាការិនី ម៉ូ ស្រីពៅ ដណ្តើមបានមេដាយប្រាក់១គ្រឿង បានប្តេជ្ញាចិត្តប្រឹងប្រែងហ្វឹកហាត់ នឹងជម្រុញឲ្យមិត្តរួមក្រុមពង្រឹងសមត្ថភាពរៀងៗខ្លួន លើវិញ្ញាសាក្រុមមួយនេះ ដើម្បីឲ្យឈានទៅដណ្តើមមេដាយមាស ស៊ីហ្គេម ឆ្នាំ២០២៣ ។ ង៉ែត តុលា បន្តថា ពួកគេនឹងពង្រឹងចំនុចខ្វះខាត ដូចជាសមត្ថភាព កម្លាំង ចង្វាក់ភ្លេង កាយវិការ និងសាច់ដុំរៀងកាយឲ្យមានភាពរលួន ពីព្រោះវិញ្ញាសាក្រុម យើងត្រូវការសហការ សាមគ្គីគ្នាអោយបានល្អ ទើបទទួលបានជ័យជំនះ ។
ជាមួយគ្នានេះ កីឡាករ ង៉ែត តុលា និងមិត្តរួមក្រុម បានថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន ដែលយកចិត្តទុកដាក់គ្រប់បែបយ៉ាង និងបានផ្តល់ការធ្វើដំណើរតាមរយៈយន្តពិសេសដឹកអត្តពលិកកម្ពុជាទៅកាន់ទីក្រុង ហាណូយ ឯកឧត្តម ថោង ខុន ប្រធានសហព័ន្ធ លោកឧកញ្ញ៉ា សុខ ហុង អនុប្រធានសហព័ន្ធ បានឧបត្ថម្ភទាំងស្មារតី សម្ភារ ថវិកា ដល់កីឡាករ កីឡាការិនី ទើបធ្វើអោយទទួលបានសមិទ្ធផលដូចពេលនេះ រួមទាំងសមាជិកប្រតិបត្តិទាំងអស់ផងដែរ ។
ដោយឡែកលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធ បានគូបញ្ជាក់ថា សម្រាប់ផែនការបន្ទាប់ សហព័ន្ធ និងពង្រឹងបទៅលើបច្ចេកទេស និងការអភិវឌ្ឍន៍សមត្ថភាពកីឡាករ កីឡាការិនី សហព័ន្ធ និងបង្កើនការហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីឈានទៅសម្រេចឲ្យបានតាមផែនការដាក់ចេញ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឈ្នះមេដាមាសមួយគ្រឿង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ប្រភេទកីឡាកាយសម្ព័ន្ធ របស់កម្ពុជា គឺដណ្តើមបានមេដាយជូនកម្ពុជាចំនួនមេដាយ៤គ្រឿង ប្រាក់៣ និងសំរិទ្ធ១គ្រឿង ។ លើវិញ្ញាសា IM ឯកត្តជន បុរសកីឡាករ ជឿន ចាន់បូរី ឈ្នះមេដាយសំរិទ្ធ ,វិញ្ញាសាគូ MP ឈ្នះមេដាយប្រាក់១គ្រឿង, វិញ្ញាសាទ្រីយ៉ូ (TRIO) កីឡាករ ២ កីឡាការិនីម្នាក់ ឈ្នះមេដាយប្រាក់១គ្រឿង និងវិញ្ញសាជាក្រុម កីឡាករ៤នាក់ និងកីឡាការិនីម្នាក់ ឈ្នះមេដាយប្រាក់១ ៕ ចាន់ វិចិត្រ


