សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋរវ៉ាន់ដា
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោកជំទាវ Dalila Yasmin AMRI SUED ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវ Dalila Yasmin AMRI SUED ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ លោកជំទាវនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរជាងនេះទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
ក្នុងឱកាសនោះ លោកជំទាវ Dalila Yasmin AMRI SUED បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភាដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបលោកជំទាវនាពេលនេះ។ លោកជំទាវបានរំលឹកអំពីប្រវត្តិសាស្រ្តដ៏ជូរចត់របស់ប្រទេសរវ៉ាន់ដា ដែលធ្លាប់បានឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ដូចប្រទេសកម្ពុជាដែរ។
លោកជំទាវឯកអគ្គរដ្ឋទូតបានប្តេជ្ញាថា តាមរយៈបេកសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការសិក្សាឈ្វេងយល់អំពីក្របខ័ណ្ឌសហប្រតិបត្តិការនៃសេដ្ឋកិច្ចអាស៊ាន និងសេដ្ឋកិច្ចនៅទ្វីបអាហ្វ្រិក។
លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជក់ថា តាមរយៈបេសកម្មការទូតនេះ គឺជាឱកាសមួយដើម្បីសិក្សាឈ្វេងយល់អំពីបទពិសោធន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនានារបស់អាស៊ាន ជាពិសេសក្នុងពេលដែលប្រទេសកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន។
លោកជំទាវឯកអគ្គរដ្ឋទូតបានសម្តែងនូវការអបអរសារទរចំពោះលទ្ធផលនៃការចាក់វ៉ាក់សាំងខ្ពស់ ប្រកបដោយសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមចូលរួមអបអរសាទរចំពោះអាត្រាខ្ពស់នៃការចូលរួមបោះឆ្នោតរបស់ប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីពេលថ្មីៗនេះ។
សម្តេចប្រធានព្រឹទ្ធសភាបានកត់សម្គាល់ឃើញអំពី ទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យមួយចំនួនទៀតរវាងប្រទេសទាំងពីរនៅពុំទាន់បានទូលំទូលាយ។ សម្តេចសង្ឃឹមថាក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូតនឹងខិតខំប្រឹងប្រែងលើកទឹកចិត្តឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ បង្កើតយន្តការពិគ្រោះយោបល់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការពហុភាគីឱ្យបានកាន់តែទូលំទូលាយ ដើម្បីរួមចំណែកដល់ការនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតំបន់ និងពិភពលោក ។
ដូចអ្វីដែលលោកជំទាវបានលើកឡើងអំពី ការឆ្លងកាត់របបប្រល័យពូជសាសន៍ សម្តេចប្រធាន
ព្រឹទ្ធសភាបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបានអនុវត្តគោលនយោបាយឈ្នះឈ្នះ ហើយទទួលបានសន្តិភាពទាំងស្រុងនៅឆ្នាំ១៩៩៨។ ចាប់ពីពេលនោះរហូតមកដល់មុនវិបត្តិកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជា មានកំណើនក្នុងអត្រាប្រចាំឆ្នាំរង្វង់៧% ។
ឆ្នាំ២០២០ ក្នុងបរិបទកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះមក -៣,១%។ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជនទាំងមូលចាប់ពីកុមារអាយុ៣ឆ្នាំឡើងទៅដោយឥតគិតថ្លៃ។ ដោយឃើញប្រសិទ្ធភានៃការចាក់វ៉ាក់សំាងនេះ ទាំងការចាក់វ៉ាក់សាំងដូសដំបូង ដូសជំរុញទី១ ទី២ ទី៣ មានប្រសិទ្ធភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបើកដំណើរការពេញលេញសង្គម-សេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មីនៅខែវិច្ឆិកា ឆ្នាំ២០២១។ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះទៅ កម្ពុជានឹងរៀបចំចាក់វ៉ាក់សាំងដូសជំរុញទី៥។ តាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍអាស៊ី (ADB) សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញក្នុងអត្រា ៥,៣% ក្នុងឆ្នាំ២០២២ និង ៦,៥% ក្នុងឆ្នាំ២០២៣។
ជាពិសេសកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលមានគណបក្សនយោបាយចំនួន ១៧ ចូលរួមប្រកួតប្រជែង។ ប្រជាជនចេញទៅបោះឆ្នោតមានចំនួន ៨០,១៩% ។ ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយតម្លាភាព គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ដោយសន្តិភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ហើយត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិវាយតម្លៃយ៉ាងខ្ពស់ថា គឺជាការបោះឆ្នោតមួយដែលប្រកបដោយសេរី យុត្តិធម៌ និងមានស្តង់ដាអន្តរជាតិ ។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះសភារវ៉ាន់ដាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសភានិយាយភាសាបារាំងលើកទី៤៧ (APF) នៅដើមខែកក្កដា ឆ្នាំ២០២២ និងមហាសន្និបាតសហភាពអន្តរសភា លើកទី១៤៥ (IPU145) នៅដើមខែតុលា ឆ្នាំ២០២២ ខាងមុខ។ សភាកម្ពុជាបានសម្រេចចាត់តាំងគណៈប្រតិភូទៅចូលរួមមហាសន្និបាតសភានិយាយភាសាបារាំង និងគ្រោងចាត់គណៈប្រតិភូទៅចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៥ ដ៏មានសារសំខាន់នេះផងដែរ។
តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចប្រធានព្រឹទ្ធសភាសូមឱ្យលោកជំទាវជួយពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីគោរព រាប់អាន សេចក្តីស្រលាញ់អំពីព្រឹទ្ធសភា និងសម្តេច ជូនចំពោះឯកឧត្តមប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋរវ៉ាន់ដា។ ជាមួយគ្នានេះ សម្តេចបានគោរពអញ្ជើញឯកឧត្តមប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋរវ៉ាន់ដា មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលវេលាសមស្របណាមួយ។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានត្រៀមខ្លួនជានិច្ចដើម្បីបន្តធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយលោកជំទាវឯកអគ្គរដ្ឋទូត និងស្ថានទូតរវ៉ាន់ដាប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រទេសទាំងពីរ។
សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនលោកជំទាវឯកអគ្គរដ្ឋទូត មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ៖ ដោយ ៖ គ្រី សម្បត្តិ





