រថយន្តដឹកឥដ្ឋមួយគ្រឿង បុករថយន្តកុងតឺន័រពីក្រោយ បណ្ដាលឱ្យជ្រុលធ្លាក់ចូលប្រឡាយទឹកក្រឡាប់ផ្ងារជើង
ភ្នំពេញ ៖ រថយន្តកូរ៉េដឹងឥដ្ឋមួយគ្រឿង បុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង រួចជ្រុលធ្លាក់ចូលប្រឡាយទឹកក្រឡាប់ផ្ងារជើងច្រងាង តែសំណាងល្អ មិនបណ្ដាលឱ្យមានអ្នករបួសឬស្លាប់នោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២៥នាទីព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមមហាវិថីឈ្នះឈ្នះ នៅភូមិភ្នៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តទាំងពីរគ្រឿង បើកបរធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីជើងទៅត្បូង ដោយរថយន្តកូរ៉េដឹកឥដ្ឋខាងលើ បានបើកបរតាមពីក្រោយរថយន្តកុងតឺន័រ ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរថយន្តកុងតឺន័របត់ឆ្វេងឆ្លងផ្លូវ ក្នុងបំណងត្រឡប់ក្រោយវិញ ទើបជាហេតុធ្វើឱ្យរថយន្តកូរ៉ដឹកឥដ្ឋ អក់ហ្ស៊ឺជាន់ហ្រ្វាំងឈប់អត់ទាន់ ក៏បានជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រពេញទំហឹង រួចជ្រុលធ្លាក់ចូលប្រឡាយទឹកក្រឡាប់ផ្ងារជើងច្រងាង បណ្តាលឱ្យរថយន្តដឹកកុងតឺន័រដាច់សន្ទះក្រោយ និងរថយន្តកូរ៉េដឹកឥដ្ឋក្រពឹតខ្ទេចមុខរងការខូចខាតយ៉ាងដំណំ ។ បន្ទាប់មកភ្លាមៗនោះ រថយន្តកុងតឺន័របានបើកបន្តដំណើរទៅបាត់ស្រមោលតែម្តង។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានអ្នករបួសឬស្លាប់នោះទេ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍សំរោងក្រោមបានចុះមកពិនិត្យមើលជាក់ស្ដែង ដោយមើលឃើញថា មិនខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបឱ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចយករថយន្តចេញ ដើម្បីយកទៅធ្វើការជួសជុលដោយខ្លួននឯង៕ ដោយ ៖ ឆៃហួត







