ប្រមុខការពារជាតិរុស្ស៊ី៖ កងទ័ពរុស្ស៊ីដណ្តើមបាន ៩៧%ហើយនៃតំបន់លូហាន់ក៍

ម៉ូស្គូ ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គេ ស៊យហ្គូ បានគូសបញ្ជាក់ថា ប្រទេសរបស់លោកដណ្តើមបាន ៩៧ភាគរយហើយនៃតំបន់ លូហាន់ក៍ ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ លោក ស៊យហ្គូ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំមួយនៅឯក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

លោក ស៊យហ្គូ បន្តថា កងកម្លាំងរុស្ស៊ីរឹបអូសបានទាំងស្រុងភាគច្រើននៃសង្កាត់ក្នុងទីក្រុង សឺវើរ៉ូដូណេតស៍ ដែលជាបន្ទាយចុងក្រោយរបស់អ៊ុយក្រែននៅក្នុងតំបន់ដុនបាស់។ លោកថា កងទ័ពរបស់រុស្ស៊ីនៅតែប្រយុទ្ធដើម្បីដណ្តើមយកតំបន់ឧស្សាហកម្ម និងតំបន់ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលនៅក្បែរនោះបន្ថែមទៀត។

ប្រមុខការពារជាតិរុស្ស៊ីរូបនេះបន្ថែមទៀតថា យោធាអ៊ុយក្រែនចំនួន ៦,៤៨៩នាក់បានទម្លាក់អាវុធចុះចាញ់ ចាប់តាំងពីការចាប់ផ្តើមនៃអ្វីដែលមេដឹកនាំរុស្ស៊ីហៅថា “ប្រតិបត្តិការយោធាពិសេស”របស់ពួកគេ។

ទោះបីជាយ៉ាងណា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានសង្កត់ធ្ងន់ថា កងទ័ពអ៊ុយក្រែននឹងមិនបោះបង់ចោលទីក្រុង សឺវើរ៉ូដូណេតស៍ នោះទេ បើទោះបីជាមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតាមដងផ្លូវក៏ដោយ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner