វាលធំតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេង និង គយគន់មើលទេសភាព

ខេត្តរតនគិរី ៖ វាលធំ ជាតំបន់អេកូទេសចរធម្មជាតិមួយស្ថិតនៅក្នុងឧទ្យានជាតិវីរជ័យ ហើយតំបន់ទេសរណ៍កន្លែងនេះស្ថិតក្នុងស្រុកចំនួនពីរគឺ ស្រុកតាវែង និងស្រុកវើនសៃ នៃខេត្តរតនគិរី ។ នៅទីកន្លែងនេះ កាលបើទៅដល់អ្នកទេសចរនឹងបានឃើញ ផ្ទាំងទស្សនីយភាពធម្មជាតិដ៏ល្អឯកស្ទើរគ្មានគូប្រៀប និងអាកាសធាតុត្រជាក់ ខ្យល់បរិសុទ្ធល្អ នៃតំបន់ទេសចរណ៍ធម្មជាតិ។ វាលធំ ដែលជាកន្លែងដ៏ល្អសម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង និង គយគន់មើលទេសភាព ។

តំបន់នេះពិតជាស្តុកស្តម្ភទៅដោយព្រៃធម្មជាតិដ៏ស្រស់ត្រកាល រុក្ខជាតិច្រើនប្រភេទ វាលស្មៅពណ៌បៃតង ជួរភ្នំ បង្កើតបានជាទស្សនីយភាពថ្មីមួយដូចនៅឯឋានសួគ៌បង្អួតអ្នកទេសចរធម្មជាតិដែលបានទៅលេងទីនោះ។ ក្រៅពីនេះវាលធំស្ថិតនៅឧទ្យានជាតិវីរៈជ័យ មានទេសចភាពដ៏ស្រស់ត្រកាល ដែលអាចគយគន់ទេសភាពថ្ងៃលិច និងថ្ងៃរះបានយ៉ាងច្សាប់គ្មានទីកន្លែងណាដូចឡើយ។

តំបន់អេកូទេសចរធម្មជាតិមួយកន្លែងនេះបានគ្របដណ្ដប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីនៅរដូវវស្សា និងពណ៌មាស នៅរដូវប្រាំង។ ឧទ្យានជាតិវីរៈជ័យ បង្កើតឡើងនៅឆ្នាំ១៩៩៣ មានផ្ទៃដី ៣៣២.៥០០ ហិកតា ។តំបន់ទីកន្លែងនេះសម្បូរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះ ហើយគ្របដណ្ដប់ដោយព្រៃស្រោង និងវាលស្មៅ។

លើសពីនេះ នៅក្នុងតំបន់នេះ ភ្ញៀវទេសចរអាចនឹងបានឃើញហ្វូងសត្វខ្ទីង, ស្វាកន្ទុយស, ស្វាព្រាហ្ម, ឈ្លូស, ប្រើស, និងឮសំឡេងសត្វស្លាប, សត្វទោចយំជាច្រើន នៅជុំវិញកន្លែង បោះតង់ និងដំណើរកម្សាន្តនៃព្រៃធម្មជាតិនេះផងដែរ ។

គួរបញ្ជាក់ថា ដើម្បីធ្វើដំណើរទៅដល់ «វាលធំ» នៃឧទ្យានជាតិវីរៈជ័យ អ្នកទេសចរត្រូវធ្វើដំណើរពីស្រុកតាវែង ដល់វាលធំ ប្រមាណ ៣២គីឡូម៉ែត្រ។ អ្នកទេសចរ ត្រូវត្រៀមនូវសម្ភារមួយចំនួនដូចជា ម្ហូបអាហារ សម្លៀកបំពាក់ របស់របរប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនដើម្បីទុកបរិភោគនិងប្រើប្រាស់ក្នុងដំណើរកម្សាន្តដ៏រីករាយជាមួយធម្មជាតិច្រើនថ្ងៃមួយកន្លែងនេះ ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner