ពង្រូលជាសត្វមានដោយកម្រ និងជាសត្វមានជម្រកភាគច្រើននៅក្នុងព្រៃស្រោង

ភ្នំពេញ ៖ ពង្រូល មានឈ្មោះតាមភាសាអង់គ្លេសហៅថា៖ Sunda Pangolin និងមានឈ្មោះតាមវិទ្យាសាស្រ្តថា៖ Manis javanica) ។ សត្វពង្រូលជាប្រភេទ ថនិកសត្វ និងសត្វដែលស្លូត និងអៀនច្រើន ហើយពុំមានបង្កហានិភ័យណាមួយដល់មនុស្សនោះទេ បើទោះបីជាវាកំពុងត្រូវបានរំខានក៏ដោយ ។ ពង្រូលមានត្រចៀកតូច ហើយស្បែកមានស្រកាក្រាស់ ស្ទើរពេញដងខ្លួន ជាសត្វមិនរហ័សរហួននោះទេ ហើយនៅពេលជួបការគំរាមកំហែង ពង្រូលតែងតែរមូលខ្លួនលាក់មុខ និងយកកន្ទុយរុំដងខ្លួនដើម្បីការពារខ្លួន។

ពង្រូលជាប្រភេទសត្វធ្វើចលនាដោយវារ មានថ្ងាសផត ស្រការពណ៌ស្រអាប់ និងពណ៌ដី ដោយសៀតបញ្ចូលគ្នាជាប់នឹងស្បែកដូចដំបូលប្រក់ក្បឿង និងគ្មានធ្មេញ។ ជើងមានម្រាមប្រាំ និងមានក្រចកគ្រប់ម្រាមទាំងអស់ ក្រញ៉ាំជើងមុខវែងជាងក្រញ៉ាំជើងក្រោយ។ វាមានជម្រកភាគច្រើននៅក្នុងព្រៃស្រោងដែលមានដើមឈើខ្ពស់ៗ ព្រៃក្រោយការធ្វើអាជីវកម្ម និងដីកសិកម្ម។

ពង្រូលជាសត្វដែលរកស៊ីលើដី ឬក្នុងរន្ធឈើ ពេលថ្ងៃដេកក្នុងរន្ធដី ហើយចំណីររបស់វាមាន ស្រមោច សង្អារ អង្ក្រង ដុកឌឿ និងកណ្តៀរ ។ ពេលជួយឧបសគ្គ សត្វប្រភេទនេះរមូរខ្លួន ដោយយកកន្ទុយព័ទ្ធជុំវិញរាងទាំងមូលដូចបាល់។ វាអាចបង្កើតកូនបាន ១ក្បាល ជួនកាល ២ក្បាល ក្រោយពរពោះរយៈពេល ២-៣ខែ ហើយកូនរបស់វាតោងកន្ទុយពេលមេវាបម្លាស់ទី ។

នៅក្នុងប្រទេសកម្ពុជា ពង្រូលមានដោយកន្លែងក្នុងទីជម្រកសមស្រប ហើយវាជាប្រភេទសត្វ មានដោយកម្រនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទកំពុងរងគ្រោះថ្នាក់ឈានទៅរកការវិនាសផុតពូជ (CR)។

យោងតាមការសិក្សាស្រាវជ្រាវ និងតាមអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កន្លងមកបានឱ្យដឹងថា សត្វពង្រូលជាប្រភេទសត្វ ដែលត្រូវបានជួញដូរច្រើនជាងបំផុតលើពិភពលោក ជាពិសេសគឺការជួញដូរពាណិជ្ជកម្មអន្តរជាតិ ដោយខុសច្បាប់ ដើម្បីយកទៅធ្វើជាឱសថបូរាណ ថ្នាំប៉ូវសុខភាព ក៏ដូចជាថ្នាំព្យាបាលជំងឺផ្សេងៗ ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner