សម្ដេចក្រឡាហោម ស ខេង ដាក់ពិន័យលោក សិដ្ឋ តារា អនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ពាក់ព័ន្ធរឿងកឹបកេងលុយរដ្ឋ

ភ្នំពេញ៖ លោក សិដ្ឋ តារា អនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដាក់ទណ្ឌកម្មវិន័យតាមរូបភាព អប់រំ ព្រមាន ស្ដីបន្ទោស ក្រោយពាក់ព័ន្ធករណីកឹបកេងលុយរដ្ឋ។ នេះបើតាមប្រកាសស្ដីពីការអនុវត្តទណ្ឌកម្មចំពោះមន្ដ្រីពន្ធនាគារ របស់សម្ដេចក្រឡាហោម ស ខេង ដែលទទួលបាននៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។

យោងតាមលិខិតរបស់ឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារបានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញលោក សិដ្ឋ តារា អនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ (អតីតជាប្រធានការិយាល័យរដ្ឋបាល សរុប) មកបំភ្លឺករណីលោក សុទ្ធ ភឿន បានទទួលមរណភាព ហើយពុំបាន រៀបចំឯកសារ ដើម្បីស្នើសុំបង្កកប្រាក់ បៀវត្ស។

សូមបញ្ជាក់ថា លោក សុទ្ធ ភឿន មុនពេលទទួលមរណភាព បានលក់ប្រាក់បៀវត្សឲ្យទៅប្រពន្ធរបស់លោក សិដ្ឋ តារា ហើយកាតវីងនោះ បានតម្កល់ទុកនៅប្រពន្ធលោក សិដ្ឋ តារា ជាអ្នកបើកប្រាក់ប្រចាំខែ។ ចំពោះលោក សិដ្ឋ តារា ពេលនោះ ក្នុងនាមជាប្រធានការិយាល័យរដ្ឋបាល សរុប (មន្ត្រីជំនាញ) បានដឹងឮករណីមានចងការប្រាក់នេះដែរ ប៉ុន្តែរូបលោកធ្វើជាមិនដឹង ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមូលហេតុប្រពន្ធជាអ្នកចងការប្រាក់ ឲ្យមន្ត្រីក្នុងពន្ធនាគារ។

ក្នុងន័យនេះ ដើម្បីចៀសវាងជាគំរូមិនល្អដល់មន្ត្រីដទៃទៀត ក្នុងការដឹកនាំគ្រប់គ្រង និងដោយ អនុលោមតាមក្រមសីលធម៌ និងបទវិន័យមន្ត្រីអនុរក្សពន្ធនាគារត្រង់ ប្រការ៨ ចំណុចគ.១ ត្រទី១៣ ចែងអំពី «ការមិនគោរពអនុវត្តបញ្ជ និងការណែនាំរបស់ប្រធានអង្គភាព»។ អគ្គនាយកដ្ឋានពន្ធនាគារ បានស្នើសុំគោលការណ៍អនុវត្តទណ្ឌកម្ម ខាងវិន័យចំពោះលោក សិដ្ឋ តារា បច្ចុប្បន្នអនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ តាមរូបភាព អប់រំ ព្រមានស្តីបន្ទោសតែម្ដង៕

ដោយ:រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner