រដ្ឋមន្ត្រីក្រសួងការងារកម្ពុជាអញ្ជើញចូលរួមសម័យប្រជុំលើកទី១១០ នៃសន្និសិទអន្តរជាតិខាងការងារ នៅប្រទេសស្វីស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានអញ្ជើញថ្លែងសុន្ទរកថា ក្នុង សម័យ ប្រជុំលើកទី១១០ នៃសន្និសិទអន្តរជាតិខាងការងារ (ILO) នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នេះ(នៅវេលាម៉ោង១០:៤៥នាទីព្រឹក ម៉ោងនៅប្រទេសស្វីស ត្រូវនឹងម៉ោង ៣:១៥ នាទីរសៀល ម៉ោងនៅកម្ពុជា)។

ថ្លែងក្នុងពិធីនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរ ចំពោះ ឯកឧត្តម Gilbert Houngbo ដែលទទួលបានការគាំទ្រ និង ជ្រើសតាំងជាអគ្គនាយកថ្មី នៃអង្គការអន្តរជាតិខាងការងារ ដែល នឹងចូលកាន់តំណែងនៅក្នុងខែតុលាខាងមុខ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលសម្រេចបានកន្លងមករបស់អង្គការILO ដែលបាន បន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច របស់កម្ពុជា ក៏ដូចជាប្រទេសជាសមាជិក តាមរយៈការដាក់ចេញនូវ កម្មវិធីនានាក្នុងគោលបំណងលើកកម្ពស់យុត្តិធម៌សង្គម និងការងារ សមរម្យជូនកម្មករនិយោជិតប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ការផ្ទុះឡើងជាបន្តបន្ទាប់ នូវ ជំងឺ កូវីដ-១៩ ជាសកល ចាប់តាំងពីឆ្នាំ២០១៩ បានធ្វើឲ្យប៉ះពាល់ យ៉ាង ធ្ងន់ធ្ងរលើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងសកល លោក រួមទាំងការបាត់បង់ជីវិតមនុស្សរាប់សិបលាននាក់ ការបាត់ បង់ ការងារ និងការបាត់បង់ប្រាក់ចំណូលផងដែរ។

ឯកឧត្តមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ ចេញជាបន្តបន្ទាប់ និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធាន ការអន្តរាគមន៍ចំនួន ១០ជុំ ដោយផ្តោតទៅលើមុខព្រួញ ចំនួន៤ គឺ៖ ១- ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ , ២- ការរក្សាលំនឹង ជីវភាព ប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជន ងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ការងារធ្វើ, ៣- ការខិតខំជួយឲ្យ អស់លទ្ធភាព ដើម្បីធ្វើឲ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ,និង៤-ការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាពសង្គម។

រាជរដ្ឋាភិបាលបានអនុវត្តនូវវិធានការដោះស្រាយផលប៉ះពាល់របស់និយោជកនិងកម្មករនិយោជិតរួមមានការអនុញ្ញាតឲ្យរោងចក្រសហគ្រាស ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរអាចព្យួរកិច្ចសន្យាការងារ កម្មករនិយោជិតទទួលបានប្រាក់ជំនួយឧបត្ថម្ភនិងការបណ្តុះបណ្តាលជំនាញទន់និយោជកទទួលបានការអនុគ្រោះចំពោះកាតព្វកិច្ចនានា និងការចាក់វ៉ាក់សាំង ជូនកម្មករនិយោជិតតាមបណ្តារោងចក្រ សហគ្រាសការលើកកម្ពស់លក្ខខណ្ឌការងារនិងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ, ការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ, ថែរក្សាសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនិងផ្តល់កិច្ចគាំពារសង្គមជូនដល់កម្មករនិយោជិតក្នុងស្រុកនិងពលករទេសន្តរប្រវេសក៍កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល, ច្បាប់ និងបទប្បញ្ញតិ្តជាតិជាធរមាន និងអនុសញ្ញា ILO ដែលកម្ពុជាបាន ផ្តល់សច្ចាប័ន។

តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី សូមគាំទ្រនូវ អនុសាសន៍ដែលបានលើកឡើងក្នុងរបាយការណ៍របស់ ឯកឧត្តម Guy Ryder អគ្គនាយកអង្គការ ILO ស្តីពី “ វិបត្តិការផ្លាស់ប្តូររ ចនាសម្ព័ន្ធការងារ និងអនាគតនៃការងារ” និងខ្លឹមសារនៃសេចក្តី ព្រាងរបាយការណ៍ស្តីពី “ការងារសមរម្យ សេដ្ឋកិច្ច សង្គម និងសាម គ្គីភាព” ក៏ដូចជា “ការអំពាវនាវជាសកល ដើម្បីចាត់វិធានការ សម្រាប់ ការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ ដោយផ្តោតលើកត្តាមនុស្ស ជា ស្នូល ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់” ដែលនឹងរួម ចំណែកសម្រេចបាននូវគោលដៅរួមនៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងអាណត្តិជាប្រវត្តិសាស្ត្ររបស់អង្គការILO ក្នុងការសម្រេចបាន នូវយុត្តិធម៌សង្គម និងការងារសង្គមសម្រាប់គ្រប់គ្នា។

សម្រាប់កម្ពុជា អង្គការILO គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ តាមរយៈការបន្តអនុវត្តកម្មវិធីជាច្រើនជាអាទិ៍៖ គម្រោងរោង ចក្រ កាន់តែប្រសើរនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុង ការចូលរួមលើកកម្ពស់លក្ខខណ្ឌការងារ និងការអភិវឌ្ឍវិស័យ វាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា។ ជាងនេះទៅទៀត កម្ពុជាបានកំពុងអនុវត្តកម្មវិធីការងារ សមរម្យសម្រាប់កម្ពុជា បានចំនួន៥ ដំណាក់កាល ចាប់តាំងពីឆ្នាំ២០០៥មក។ ហើយក្នុងដំណាក់កាលទី៥ ឆ្នាំ២០១៩-២០២៣ ត្រូវបានរៀបចំឡើងស្របពេលគម្រប់ខួប៥០ ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជា ជាមួយនឹងអង្គការ ILO។

រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាងមុតមាំថាតាមរយៈគោលការណ៍គ្រឹះរបស់ILO ដែលផ្តោតលើយន្តការត្រីភាគី និងកិច្ចសន្ទនាសង្គម នឹងអាចដោះស្រាយនូវបញ្ហាចំពោះមុខនិងសម្រេចបាននូវបេសកកម្មអង្គការអន្តរជាតិខាងការងារដើម្បីបន្តលើកកម្ពស់ការងារសមរម្យប្រកបដោយផលិតភាពសម្រាប់គ្រប់គ្នា៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner