សហព័ន្ធបាល់ទាត់ AFC និងឥណ្ឌាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់សុំទោសកម្ពុជា (Video Inside)

សហព័ន្ធបាល់ទាត់អាស៊ី (AFC) និងប្រទេសម្ចាស់ផ្ទះឥណ្ឌា បានប្រញាប់ធ្វើលិខិតសុំទោស កម្ពុជាពាក់ព័ន្ធការមិនយកចិត្តទុកដាក់លើក្រុមកីឡាករបាល់ទាត់កម្ពុជា ។

ការធ្វើលិខិតសុំ ទោសនេះ បានធ្វើឡើងភ្លាមៗនារសៀលថ្ងៃទី៨មិថុនានេះ បន្ទាប់ពីប្រធានសហព័ន្ធ បាល់ ទាត់កម្ពុជា លោក សៅ សុខា បានធ្វើលិខិតព្រមាននិងទុកពេល៣ម៉ោងដើម្បីឱ្យសហព័ន្ធ បាល់ទាត់អាស៊ី (AFC) និងប្រទេសម្ចាស់ផ្ទះឥណ្ឌា ធ្វើលិខិតសុំទោសចំពោះកម្ពុជា បើពុំដូច្នោះទេ កម្ពុជា នឹងដឹកក្រុមកីឡាករខ្មែរវិលត្រឡប់មកកម្ពុជាវិញដោយមិនចូលរួមក្នុងការ ប្រកួតបាល់ទាត់នៅថ្ងៃនេះឡើយ។

សេចក្តីរាយការណ៍ពីប្រទេសឥណ្ឌាបានឱ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធ បាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ក្នុងពេលដែលក្រុមកីឡាករកម្ពុជាបានធ្វើដំណើរចូលរួមការប្រកួតជាអន្តរជាតិនោះ ពួកគេ មិនបានខ្វល់អ្វីទាល់តែសោះ ចំពោះការ ទទួលក្រុមបាល់ទាត់កម្ពុជាទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជាផងដែរ។

ក្រោយលិខិតព្រមាននោះ លិខិតសុំទោសត្រូវបានធ្វើ មកកាន់ភាគីកម្ពុជា។ លិខិតបានសរសេរសម្តែងក្តីសោកស្តាយ និងបញ្ជាក់ថាទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានផលិតឡើង សម្រាប់ការប្រកួត មិនត្រូវតាមលក្ខខណ្ឌបច្ចេកទេស ដែលបានកំណត់នៅត្រង់ផ្នែករចនា និងពណ៌។ លិខិតបញ្ជាក់មកវិញថា ដូច្នេះ គេនឹង ប្រើប្រាស់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ជារូបភាពក្រាហ្វិកវិញ នៅលើស្រ្គីនធំមួយ សម្រាប់ការប្រកួត ដែលនឹងចាប់ផ្ដើមនៅប៉ុន្មានម៉ោងខាងមុខនេះ។ លិខិតដដែលសរសេរទៀតថា វាជាការអនុវត្តទម្លាប់ធម្មតា នៅក្នុងករណីមានបញ្ហាបែបនេះកើតឡើង សម្រាប់រយៈពេល ២ឆ្នាំចុងក្រោយនេះ នៅក្នុងការប្រកួតរបស់ AFC

សូមបញ្ជាក់ថា នៅម៉ោង១០យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមជម្រើសជាតិកម្ពុជា នឹង ត្រូវប្រកួតជាមួយជម្រើជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុង ក្រោយពានរង្វាន់ AFC Asian Cup 2022 នៅកីឡដ្ឋាន Salt Lake នាទីក្រុងគល់កាតា។

មុនឡើងមកដល់វគ្គជម្រុះជុំចុងក្រោយនេះ ក្រុមគោព្រៃកម្ពុជា បានទម្លាក់ក្រុមកោះហ្គាំរបស់ សហរដ្ឋអាមេរិកទាំង ២ជើងកាលពីវគ្គ Play-Off ដោយលទ្ធផល ៣-១ នៅប្រទេសបារែន។ រីឯក្រុមដែលកំពុងឈរចាំនៅជុំផ្ដាច់ព្រ័ត្រវិញ គឺមាន ១៣ក្រុម រួមមានចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និង លីបង់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner