មន្រ្តីសមាគមស្ករត្នោតកំពង់ស្ពឺរំពឹងថា ការផលិតស្ករត្នោតនឹងឈានដល់១០០តោននៅពេលខាងមុខ បើទោះជាមានបញ្ហាអាកាសធាតុ

ភ្នំពេញ៖ តម្រូវការស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) នៅលើទីផ្សារអន្តរជាតិនៅតែខ្ពស់ ខណៈដែលសមាគមព្រួយបារម្ភថា បញ្ហាអាកាសធាតុនឹងបង្កជាឧបសគ្គដល់ការផលិតស្ករសម្រាប់នាំចេញ មិនគ្រប់តាមតម្រូវការទីផ្សារ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីសមាគមស្ករត្នោតកំពង់ស្ពឺ។

លោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ បានបញ្ជាក់ថា ដំណើរការនាំចេញស្ករត្នោតកំពង់ស្ពឺនៅឆ្នាំនេះនៅតែល្អប្រសើរ ខណៈបញ្ហារាំងស្ទះតែទីផ្សាររុស្ស៊ី និងឥណ្ឌាប៉ុណ្ណោះ ដែលមិនអាចនាំចេញបានដោយសារបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោកថា មកទល់ពេលនេះទីផ្សារប្រទេសមួយចំនួន មានតម្រូវការស្ករត្នោតប្រភេទម្សៅប្រមាណ ១៥០តោន។ ប៉ុន្តែលោកបារម្ភថា ការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងនេះ អាចនឹងមិនគ្រប់តាមតម្រូវការទីផ្សារនោះទេ ដោយបញ្ហាអាកាសធាតុ ដែលគិតមកទល់ពេលនេះ ការផលិតស្ករត្នោតម្ស៉ៅដែលជាស្ករសម្រាប់នាំចេញបានប្រមាណ ៥៧តោនប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី លោករំពឹងថា ការផលិតបាននឹងឈានដល់ ១០០តោននៅពេលខាងមុខ ។

ឆ្លើយនឹងតម្រូវការកើនឡើងវិញ លោកបានលើកឡើងថា សមាគមនឹងពង្រីកការផលិត ជាពិសេសជំរុញពួកគាត់ផលិតស្ករម្សៅ សម្រាប់នាំចេញឱ្យបានច្រើនជាងស្ករសាច់ តាមរយៈការបង្កើនចំនួនអ្នកផលិត (អ្នកឡើងត្នោត) ឱ្យបានច្រើន។ កាលពីឆ្នាំមុនចំនួនអ្នកផលិតមាន ១៥០នាក់ ខណៈឆ្នាំនេះចំនួនសមាជិកអ្នកផលិតស្ករត្នោតកំពង់ស្ពឺ បានកើនឡើងដល់ ១៥៥នាក់។

លោកបានឱ្យដឹងថា ការផលិតស្ករត្នោតគ្រប់ប្រភេទនៅឆ្នាំនេះ បានប្រមាណពី ១៥០តោនទៅ ១៧០តោន ។ ទន្ទឹមនឹងតម្រូវការកើនឡើង តម្លៃស្ករត្នោតកំពង់ស្ពឺឆ្នាំនេះ បានកើនឡើងជាងឆ្នាំមុនផងដែរ។ ស្ករត្នោតប្រភេទម្សៅឆ្នាំនេះ អាចលក់ពី ៧,០០០រៀលទៅ ៧,១០០រៀលក្នុងមួយគីឡូក្រាម កើនឡើងជាងមុនបន្តិច ដោយឆ្នាំមុនមានតម្លៃ ៦,៨០០រៀលក្នុងមួយគីឡូក្រាម ចំណែកស្ករសាច់ មានតម្លៃ ៦,៥០០រៀល ខណៈឆ្នាំមុនៗលក់បានត្រឹមតម្លៃចន្លោះពី ៥,០០០ ទៅ ៥,៥០០រៀល ក្នុងមួយគីឡូក្រាម។

គួរបញ្ជាក់ថា ស្ករត្នោតកំពង់ស្ពឺ ត្រូវបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ដ្រ (GI) កាលពីឆ្នាំ២០១០ និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តការពារ (PGI) របស់សហភាពអឺរ៉ុប នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ដែលត្រូវបានទទួលស្គាល់ថា ជានិមិត្តរូបនៃប្រទេសកម្ពុជា។ ការផលិតស្ករត្នោតកំពង់ស្ពឺ ធ្វើឡើងនៅតំបន់ចំនួនបី គឺនៅស្រុកសំរោងទង និងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងមួយតំបន់ទៀតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។

កាលពីឆ្នាំ២០២១ ការនាំចេញស្ករត្នោតកំពង់ស្ពឺ GI មានចំនួន ១៥៧តោន។ ស្ករត្នោតកំពង់ស្ពឺ ត្រូវបាននាំចេញ តាមរយៈក្រុមហ៊ុនានា ភាគច្រើននាំចេញទៅសហគមន៍អឺរ៉ុប កាណាដា អាឡឺម៉ង់ បារាំង ចិន កូរ៉េ។ ចំណែកការផ្គត់ផ្គង់ក្នុងស្រុក ជាប្រភេទស្ករសាច់៕ ប្រភព៖ Freshnews ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner