មេដឹកនាំអ៊ុយក្រែន និងអាល្លឺម៉ង់ពិភាក្សាតាមទូរស័ព្ទផ្តោតលើការនាំចេញគ្រាប់ធុញ្ញជាតិពីអ៊ុយក្រែន
កៀវ ៖ រដ្ឋាភិបាលអាល្លឺម៉ង់បានលើកឡើងថា អធិការបតីអាល្លឺម៉ង់លោក អាឡាហ្វ សូលស៍ និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមព្រៀងគ្នា នៅថ្ងៃពុធសប្តាហ៍នេះថា កិច្ចខិតខំប្រឹងប្រែងត្រូវតែធ្វើឡើងដើម្បីធ្វើឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិចេញពីប្រទេសអ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោក ក្នុងគោលបំណងបញ្ចៀសវិបត្តិស្បៀងអាហារសកល ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទ នៅថ្ងៃពុធសប្តាហ៍នេះ មេដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ស្តីអំពីស្ថានភាពយោធា និងមនុស្សធម៌នាពេលបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែន ហើយបានព្រមព្រៀងគ្នាថា កិច្ចខិតខំប្រឹងប្រែងត្រូវតែធ្វើឡើង ដើម្បីធ្វើឱ្យការនាំចេញគ្រាប់ធញ្ញជាតិចេញពីអ៊ុយក្រែន ជាពិសេសតាមច្រកសមុទ្រ។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលចេញដោយរដ្ឋាភិបាលអាល្លឺម៉ង់។
នាឱកាសនោះដែរ លោក សូលស៍ ក៏បានបកស្រាយដោយសង្ខេបប្រាប់លោក ហ្សេលេនស្គី ពាក់ព័ន្ធនឹងការនិយាយទូរស័ព្ទរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី២៨ ខែឧសភាកន្លងទៅផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអាល្លឺម៉ង់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា



